(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយ តាមរយៈសារព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ អំពីការលំបាកក្នុងការស្វែងរកមូលនិធិរបស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំនេញ មានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប អស់រយៈពេលជាង ២០ឆ្នាំ ហើយបច្ចុប្បន្នត្រូវការជំនួយ ដើម្បីផ្តល់សេវាថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ លោក អ៉ីវ គឹមសួរ គ្រូបង្វឹកអាជីវកម្មមកពី ActionCOACH បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា «តោះ! ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ» ដែលព្រឹត្តិការណ៍នេះជាឆ្នាំទី២ហើយ។
ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការណ៍ពីមន្ទីរពេទ្យកុមារអង្គរ ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួន២គឺ ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផែន និងភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ រួមសហការឧបត្ថម្ភដោយ Global Top Star Industrial Co., LTD ឧបត្ថម្ភទីតាំងដោយ THANSUR SOKHA Hotel និង Ganesha Kampot Resort រួមជាមួយបណ្តាក្រុមហ៊ុនចូលរួមឧបត្ថម្ភផ្សេងៗទៀតរួមមានទាំងថវិកា និងសម្ភារៈផងដែរ។
លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អ៉ីវ គឹមសួរ បានឱ្យដឹងថា ព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោនាឆ្នាំនេះ ក៏ទទួលបាននូវការគាំទ្រពីសំណាក់សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅទីនោះដោយរំពឹងទុកថា នឹងមានអ្នកចូលរួមព្រឹត្តិការណ៍ដើរឡើងភ្នំចំនួនប្រមាណជា ១០០នាក់ និងប្រមូលថវិកាឲ្យបានយ៉ាងហោចណាស់ចំនួន ១ម៉ឺនដុល្លារ តែមកដល់ពេលនេះបានថវិកាជាង ៣ម៉ឺនដុល្លារហើយ និងនៅតែបន្តអំពាវនាវឱ្យមានការចូលរួមជាបន្តបន្ទាប់ទៀតផងដែរ។
លោក អ៉ីវ គឹមសួរ បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ គឺជាព្រឹតិ្តការណ៍លើកដំបូងមួយដែលនឹងប្រព្រឹត្តិទៅមានរយៈពេល២យប់ បីថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបំផុសសកម្មភាពលំហាត់ប្រាណ ពង្រីកបណ្តាញធុរកិច្ច បង្កើតសេចក្តីរីករាយ ជួបជុំជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងតែប្រឈមនឹងការ ធ្លាក់ចុះយ៉ាងខ្លាំងនូវជំនួយសប្បុរសធម៌នៅក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃដល់កុមារកម្ពុជា។
ជាមួយគ្នានោះដែរ លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរ៉ៃអង្គាសមូលនិធិមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងដែរថា សម្រាប់មន្ទីរពេទ្យកុមារអង្គរ ក្នុងមួយឆ្នាំ ត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីព្យាបាល និងពិគ្រោះជំងឺដល់កុមារ និងសកម្មភាពផ្សេងៗទៀត ក្នុងនោះដែរភាគច្រើនកុមារដែលមកទទួលសេវាព្យាបាលមានជំងឺដូចជា ជំងឺរលាកផ្លូវដង្ហើមលើ ជំងឺបណ្តាលមកពីការខ្វះអនាម័យ ជំងឺគ្រុនឈាម ជំងឺមហារីក ជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ជំងឺអេដស៍ រួមទាំងជំងឺផ្សេងៗជាច្រើន។
បន្ថែមពីនេះក្នុងនាមដំណាងឱ្យមន្ទីរកុមារអង្គរលោកស្រី ស៊ិនកេត អរុណ ក៏បានបង្ហាញនូវក្តីរីករាយក្រោយឃើញមានការចូលរួមចំណែកយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបណ្តាក្រុមហ៊ុន ដែលតែងតែមានគំនិតផ្ទួចផ្តើមបង្កើតជាកម្មវិធីផ្សេងៗ ដើម្បីរួមគ្នារៃអង្គាសថវិកាជួយមន្ទីរកុមារអង្គរ ដែលកំពុងតែត្រូវការថវិកាយ៉ាងច្រើនសម្រាប់ទុកជួយសង្គ្រោះដល់កុមារ។
សូមបញ្ជាក់ដែរថា អ្នកចូលរួមមានជម្រើសពីរក្នុងការចូលរួមទី១ គឺត្រូវបង់ ១២០ដុល្លារ សម្រាប់មនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ឆ្នាំឡើង និងទីពីរ ២៥០ ដុល្លារ សម្រាប់កញ្ចប់គ្រួសារដែល មានមនុស្សពេញវ័យពីរនាក់ និងកុមារអាយុក្រោម ១២ឆ្នាំ ២នាក់ ដោយអ្នកចូលរួមនឹងទទួលបានដូចជា អាវយឺតអនុស្សាវរីយ៍ អាហារ តង់ស្នាក់នៅសម្រាប់មនុស្សពីរនាក់ និងជាពិសេសការបង្កើតអនុស្សាវរីយ៍ជាមិត្តភាព។
ចុះឈ្មោះដើម្បីចូលរួមកម្មវិធីតាមរយៈ៖ https://docs.google.com/.../18iNSN8mWGIVxHn2D4w5IuFn.../edit ព័ត៏មានបន្ថែមអំពីកម្មវិធី សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 015 718 888 / 089 269 589 ឬគេហទំព័រហ្វេសបុក៖ https://www.facebook.com/Climb-Bokor-Mountain-for-Childrens-Health-102503668298860 ៕