(ភ្នំពេញ)៖ វេទិកាជាន់ខ្ពស់ ស្ដីពី «គម្រោងខួបអនុស្សារីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP = Regional Comprehensive Economic Partnership)៖ រំលឹកឡើងវិញ នូវដំណើរការនៃកិច្ចព្រមព្រៀងអាសិប» ដែលបានរៀបចំឡើងរយៈពេល១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ហើយ។
វេទិកាជាន់ខ្ពស់នេះ បានពិភាក្សាទៅលើប្រធានបទ៖ សេរីភាពវូបនីយកម្មសេវា, ការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម, កិច្ចព្រមព្រៀង RCEP និងរចនាសម្ព័ន្ធផលិតកម្ម, និងបញ្ហាប្រឈមក្រៅព្រំដែន ដោយមានការថ្លែងសុន្ទរកថា គន្លឹះពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងរដ្ឋមន្ដ្រីនៃប្រទេស ដែលជាសមាជិក RCEP គណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀង RCEP និងស្ថាប័នបុត្រសម្ព័ន្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់ ក្រុមប្រឹក្សា និងសមាគមធុរកិច្ច អ្នកស្រាវជ្រាវពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា លេខាធិការដ្ឋានអាស៊ាន និងអ្នកពាក់ព័ន្ធផ្សេងៗ។
ព្រឹត្តិការណ៍នេះ គឺមានកិច្ចពិភាក្សាចំនួន២ជុំ ដោយក្នុងកិច្ចពិភាក្សាជុំទី១ វាគ្មិន និងក្រុមពិភាក្សា ផ្លាស់ប្តូរទស្សនៈស្តីពីការបង្កើតកិច្ចព្រមព្រៀង RCEP ក៏ដូចជាការអនុវត្តកិច្ច ព្រមព្រៀងអាសិប ចាប់តាំងពីការចូលជាធរមាន និងកិច្ចពិភាក្សាជុំទី២ រួមបញ្ចូលការពិភាក្សាអំពីជំពូកសំខាន់ៗនៃកិច្ចព្រមព្រៀងអាសិប និងផលបច្ច័យរបស់វាចំពោះសេដ្ឋកិច្ចក្នុងស្រុក និងសមាហរណកម្មតំបន់។
ព្រឹត្តិការណ៍នេះ មានគោលបំណងធំៗចំនួន៣៖
១៖ រំលឹកដំណើរដ៏វែងឆ្ងាយ របស់កិច្ចព្រមព្រៀងអាសិប និងគូសបញ្ជាក់ពីសមិទ្ធិផលនៃកិច្ចព្រមព្រៀង និងបទពិសោធន៍ តាំងពីដំណាក់កាលចរចាដំបូងរបស់ខ្លួន ក៏ដូចជាស្វែងយល់ពី វិស័យអាទិភាព ដើម្បីជំរុញការប្រើប្រាស់កិច្ចព្រមព្រៀង RCEP ឲ្យមានប្រសិទ្ធិភាព។
២៖ អភិវឌ្ឍការយល់ដឹង ឲ្យកាន់តែស៊ីជម្រៅលើធាតុសំខាន់ៗ នៃកិច្ចព្រមព្រៀង និងបញ្ជាក់ពីផលបច្ច័យនៃកិច្ចព្រមព្រៀង RCEP ទៅនឹងបរិវត្តកម្មរចនាសម្ព័ន្ធក្នុងស្រុក និងការធ្វើសមា
ហរណកម្មតំបន់ ជាមួយនឹងពិធីប្រកាសជាផ្លូវការ នៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។
៣៖ ពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធលើសារសំខាន់ និងកាលានុវត្តភាពនៃកិច្ចព្រមព្រៀងអាសិប ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើន នៅក្នុងតំបន់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ក្រោយបិទបញ្ចប់កិច្ចពិភាក្សានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សិរីវឌ្ឍន៍ យល់ឃើញថា វេទិកាជាន់ខ្ពស់នេះ គឺជាវេទិកាមួយ ដែលបានពិភាក្សាគ្រប់ជ្រុងជ្រោយ ទៅលើកិច្ចព្រមព្រៀង RCEP។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានគូសបញ្ជាក់ថា វេទិការជាន់ខ្ពស់នៃខួបអនុស្សារីយ៍១០ឆ្នាំ RCEP នេះ ពិភាក្សាមិនមែនតែប្រទេសកម្ពុជាទេ គឺមានការចូលរួមពីវាគ្មិនសំខាន់ៗ តាំងពីបណ្ដាប្រទេសផ្សេងៗ ជាពិសេសប្រទេសសិង្ហបុរី, ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។
អ្នកជំនាញរូបនេះបានលើកឡើងថា ការចូលរួមទាំងអស់នេះ គឺរួមចំណែកក្នុងការកសាងឲ្យកិច្ចព្រមព្រៀង RCEP នេះ នឹងអាចជួយជំរុញឲ្យពាណិជ្ជកម្ម របស់បណ្ដាប្រទេសសមាជិក មានការលូតលាស់កាន់តែរីកចម្រើនជាងមុន។
សូមជម្រាបថា កិច្ចព្រមព្រៀងអាសិប ដែលត្រូវបានចូលជាធរមាននៅឆ្នាំ២០២២ មានគោលបំណងពង្រឹងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងរួមចំណែក កាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមភាគីនានា។
កិច្ចព្រមព្រៀងអាសិប ផ្ដល់នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទំនើប គ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងចំណោមរដ្ឋ សមាជិកអាស៊ាន និងដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន។ កិច្ចព្រមព្រៀងអាសិបមានសារសំខាន់ចំពោះជំងឺរាតត្បាត និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ នៅអាស៊ីបូព៌ា។
នៅក្នុងឆ្នាំ២០២២ បានបង្ហាញយ៉ាងច្បាស់អំពីសារសំខាន់នៃកិច្ចព្រមព្រៀងអាសិប ដែលជាបណ្ដុំ នៃពាណិជ្ជកម្មថ្នាក់តំបន់និងសកលដ៏ធំបំផុត។ អាសិបជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីតំបន់ដែល «ផ្អែកលើមូលដ្ឋានគតិយុត្ត» នឹងមានសារសំខាន់សម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិនៃជំងឺរាតត្បាតក្នុងតំបន់ និងពិភពលោក។
គិតត្រឹមការចូលជាធរមាន នៅដើមឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងអាសិប មានអាយុកាល១០ឆ្នាំគត់ រាប់តាំងពីការចាប់ផ្តើមកិច្ចចរចា ដែលវាជាកាតាលិករជំរុញឲ្យការរៀបចំវេទិកាជាន់ខ្ពស់ ក្នុងគោលបំណងរំលឹកខួបអនុស្សាវរីយ៍១០ឆ្នាំ ឲ្យកាន់តែមានសារសំខាន់បន្ថែមទៀតផងដែរ។
ការសិក្សារបស់វិទ្យាស្ថាន ERIA នៅឆ្នាំ២០២២ថ្មីៗនេះ បានបង្ហាញថា កិច្ចព្រមព្រៀងអាសិប នឹងផ្តល់ឲ្យកម្ពុជា នូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ២% ដល់ ៣.៨%, កំណើនការនាំចេញ ក្នុងរង្វង់ ៩.៤% ដល់ ១៨%, កំណើនឱកាសការងារប្រចាំឆ្នាំប្រមាណ៣.២% ដល់ ៦.២%, កំណើនវិនិយោគប្រមាណ២៣.៤%, និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ២% ដល់៣.៩%៕