(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកំពុងមមាញឹកក្នុងការរៀបចំសោភ័ណភាពក្រុងកំពង់ឆ្នាំង ដោយមានការតុបតែងលម្អភ្លើងចំរុះពណ៌ រំលេចជារូបផ្កាភ្ញី ស្លាកប៉ាណូ និងក្លោងទ្វារផ្សេងៗបំពាក់ទៅដោយអំពូល ភ្លើងពណ៌ជះពន្លឺភ្លឺព្រោងព្រាតពាសពេញទីក្រុងគួរជាទីសប្បាយរីករាយ ដើម្បីត្រៀមរៀបចំប្រារព្ធពិធីបុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងពិធីបុណ្យឆ្លងឆ្នាំសកល ដែលប្រព្រឹត្តទៅក្នុងពេលខាងមុខនេះ។
ដោយឡែកនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក ម៉ៅ តារា ប្រធានរដ្ឋបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារខេត្ត បានចុះពិនិត្យមើលទីតាំងរៀបចំសោភ័ណភាព នៅតាមសួនសាធារណៈជាច្រើនទីតាំងទៀត ក្នុងក្រុងកំពង់ឆ្នាំង បន្តកែរលម្អរំលេចនូវសោភ័ណភាពបន្ថែមទៀត ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកចូលរួមទស្សនានៅក្នុងកម្មវិធីបុណ្យជាតិនានា ក៏ដូចជាបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបុណ្យឆ្លងឆ្នាំសកល ដែលរដ្ឋបាលខេត្ត បានរៀបចំធ្វើក្នុងក្រុង ជាការបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងមកពីតាមបណ្តាខេត្តនានាផងដែរ។
ពាក់ព័ន្ធនឹងការគ្រោងរៀបចំប្រារព្ធពិធីបុណ្យអុំទូកដែលនៅក្នុងក្រុងកំពង់ឆ្នាំងនេះ លោក ស៊ុន សុវណ្ណារិទ្ធិ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការប្រារព្ធពិធីបុណ្យអុំទូក ដែលត្រូវរៀបចំធ្វើក្នុងក្រុងកំពង់ឆ្នាំង។
លោកពុំទាន់កំណត់ថ្ងៃបាននៅឡើយនោះទេ ដោយត្រូវរង់ចាំប្រជុំអាស៊ានចប់សិន ដោយសារពិធីបុណ្យអុំទូកខាងលើនេះ មានថ្នាក់ដឹកនាំថ្នាក់ជាតិ លោកនិងអញ្ជើញមកចូលរួមផងដែរ។ ហេតុនេះលោកពុំទាន់អាចកំណត់ថ្ងៃ បាននៅឡើយនោះទេ តែប្រហែលជានៅចុងខែវិច្ឆិកា ឬក៏ដើមខែធ្នូ ហើយលោកនឹងជ្រើសយកឱ្យចំថ្ងៃអាទិត្យ ជាថ្ងៃដែលមន្ត្រីរាជការ កម្មករកម្មការិនីបានឈប់សម្រាក ពួកគាត់មានពេលវេលានិងបានមកចូលរួមសប្បាយផងដែរ៕