(រតនគិរី)៖ ដោយទទួលបានបទបញ្ជាពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, អាជ្ញាធរខេត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ណែនាំដល់លោក ឡុង ម៉េងគ្រុយ ជាម្ចាស់ចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ត្រូវរុះរើរបងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញ មិនឱ្យលើស១សប្តាហ៍ជាកំហិត។
ការចុះណែនាំ និងដោះស្រាយវិវាទរវាងម្ចាស់ចមការកៅស៊ូ និងប្រជាពលរដ្ឋ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដឹកនាំដោយលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី។
ជុំវិញករណីនេះ លោក ស៊ូ ផល្លី អភិបាលរងស្រុកលំផាត់ បានឱ្យដឹងថា ម្ចាស់ចំការកៅស៊ូដែលបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរមានឈ្មោះ ឡុង ម៉េងគ្រុយ, ក្រោយពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋករណីបិទផ្លូវខាងលើនេះ រដ្ឋបាលស្រុកលំផាត់ កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ បានកោះហៅអញ្ជើញពួកគាត់លើកទី១ ទៅដោះស្រាយដោយភាគីខាងម្ចាស់ចំការកៅស៊ូ បានព្រមព្រៀងបើកផ្លូវឱ្យធ្វើដំណើរឆ្លងកាត់ហើយ ដើម្បីឱ្យផ្លូវងាយស្រួល ប្រើប្រាស់នោះខាងរដ្ឋបាលស្រុក អនុញ្ញាតប្រជាពលរដ្ឋដាក់លូថែមទៀតផង, លុះប្រមាណ ១០ថ្ងៃក្រោយមក លោក ឡុង ម៉េងគ្រុយ ត្រឡប់មកពីប្រទេសវៀតណាមវិញ បែរជាគាត់បិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដូច្នេះ ប្រជាជាពលរដ្ឋរស់នៅតំបន់នោះនាំគ្នាទៅដាក់ពាក្យប្តឹងជាលើកទី២ ខាងរដ្ឋបាលស្រុកលំផាត់ ដោះស្រាយម្តងទៀតតែខាងលោក ឡុង ម៉េងគ្រុយ ម្ចាស់ចំការកៅស៊ូ បដិសេធមិនបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដដែល។
អភិបាលរងស្រុកលំផាត់ បានបញ្ជាក់ថា៖ «ខាងស្រុកដោះស្រាយមិនចេញទើបពួកគាត់នាំគ្នាឡើងប្តឹងដល់លោក ញ៉ែម សំអឿនអភិបាលរតនគិរី»។
លោក ខ័ណ្ឌ ចំណាន បានគូសបញ្ជាក់ថា៖ «ក្រុមការងារចុះមកថ្ងៃនេះ តាមបទបញ្ជាលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី គឺឱ្យលោក ឡុង ម៉េងគ្រុយ ម្ចាស់ចំការកៅស៊ូរុះរើរបងបិទផ្លូវដោយខ្លួនឯង មិនឱ្យលើសពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នោះឡើយ ពោលគឺបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញតែបើមិនព្រមនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ គាត់ចុះរុះរើដោយខ្លួនគាត់ផ្ទាល់តែម្តង»។
ជាមួយគ្នានេះដែរ លោក ខ័ណ្ឌ ចំណាន ក៏សុំការអធ្យាស្រ័យពីប្រជារដ្ឋរស់នៅតំបន់នោះផងដែរ ដោយលោកបញ្ជាក់ថាការយ៉ឺតយ៉ាវដោយសារធ្វើបែបបទរដ្ឋបាលមិនទាន់ព្រោះប៉ះថ្ងៃឈប់សម្រាក។
ដោយឡែកតំណាងប្រជាពលរដ្ឋរស់នៅតំបន់នោះ ប្រាប់ឱ្យដឹងថា ពួកគាត់មានចំនួន ១៥គ្រួសារ អាស្រ័យលើផ្លូវនេះជាង១០ឆ្នាំមកហើយ, ឥលូវនេះចាប់តាំងពីម្ចាស់ចំការកៅស៊ូបិទផ្លូវមិនឱ្យធ្វើដំណើរឆ្លងកាត់នោះជួបការលំបាកខ្លាំងណាស់ដូចជាដឹកជ័រកៅស៊ូមកលក់នៅទីផ្សារមិនបានប៉ះពាល់ជីវភាពប្រចាំថ្ងៃជាពិសេសទៅទៀត បើមានករណីគ្រួសារណាមួយឈឺស្កាត់ពេលយប់ពិបាករកផ្លូវដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប្រជាពលរដ្ឋខាងលើមានទឹកចិត្តសប្បាយរីករាយដែលបានស្តាប់ឮការសន្យាពីលោក ខ័ណ្ឌ ចំណាន សូមថ្លែងអំណរគុណក្រុមការងារទាំងអស់ ដែលចំណាយពេលវេលាដ៏មានតម្លៃមកដោះស្រាយទុក្ខកង្វល់ជូនពួកគាត់នាពេលនេះ៕