(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើ​នចូលរួម។

ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលៗទាំងនោះ និងដើម្បីធ្វើឲ្យកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទកភាពជាតិ លើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមកងកម្លាំង និងមធ្យោបាយដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីការពារដំណើរការទូទៅនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាគោលដៅសំខាន់ៗ រួមទាំងកន្លែងស្នាក់នៅផងដែរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា រហូតមកដល់ពេលនេះកងកម្លាំងសមត្ថកិច្ចកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំបណ្ដាប្រទេស និងស្ថាប័ននានា ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានឲ្យដឹងថា សម្រាប់កងកម្លាំងដែលត្រៀមខ្លួនការពារវិញ មានចំនួនប្រមាណជាង១.២ម៉ឺននាក់ ក្នុងនោះមានទាំងកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទផងដែរ ហើយកងកម្លាំងទាំងអស់នេះ គឺមកពីបណ្ដាអង្គភាព និងស្ថាប័ន ចំនួន១៤។ ចំពោះមុខនេះ គឺកងកម្លាំងកម្ពុជាមានសមត្ថភាពគ្រប់គ្រងក្នុងការរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក្រៅពីកងកម្លាំងរបស់ជាតិហើយនោះ កម្ពុជាក៏ទទួលបានការគាំទ្រ និងសហការក្នុងការផ្លាស់ប្ដូរព័ត៌មានផ្នែកសន្តិសុខ ដើម្បីទប់ស្កាត់នូវបញ្ហាភេរវកម្ម និងផ្លាស់ប្ដូរព័ត៌មានដែលពាក់ព័ន្ធដល់កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាន រួមទាំងការសន្យាផ្ដល់បទពិសោធន៍ ផ្ដល់ការបណ្តុះបណា្ដល ដើម្បីជួយគាំទ្រដល់កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាននេះ ពីបណ្ដាភាគីមិត្តផងដែរ។

យ៉ាងណាមិញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នៅនាយកដ្ឋានអង្គរក្ស កាលពីសប្ដាហ៍កន្លងទៅនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានគូសបញ្ជាក់ដែរថា កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចទាំងអស់បានត្រៀមខ្លួនរួចជាស្រេចទាំងកម្លាំងសរុប មធ្យោបាយសរុប ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានដាច់ខាតជូនថ្នាក់ដឹកនាំកំពូលៗលើពិភពលោក និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ដែលនឹងមកចូលរួមកិច្ចប្រជុំ នៅកម្ពុជាកម្ពុជា។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្តថា សមត្ថកិច្ចកម្ពុជា ក៏បានត្រៀមខ្លូនរួចជាស្រេច ដើម្បីសហការជាមួយកម្លាំងសមត្ថកិច្ចបណ្តាប្រទេសនឹងមកចូលរួមផងដែរ បើសិនជាមានការស្នើសុំ។ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានណែនាំដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ចាប់ពីថ្ងៃទី២៥ ខែតុលានេះតទៅ រហូតដល់ចប់កិច្ចប្រជុំកំពូលអាស៊ាន បានបញ្ចប់។

ទន្ទឹមនោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំកំពូលៗដែលអញ្ជើញមកចូលរួមប្រជុំ ជាពិសេសកម្លាំងនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការសម្រួលចរាចរណ៍តាមដងផ្លូវ។ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសង្កត់ធ្ងន់ឲ្យសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកខ្ពស់ពាក់ព័ន្ធនឹងឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងស្នាក់នៅរបស់ថ្នាក់ដឹកនាំ និងទីតាំងប្រារព្ធកិច្ចប្រជុំ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាលើកទីបីហើយ ដែលលើកទី១ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។ នេះជាមោទនភាពជាតិដ៏ធំធេង ដោយសារវានឹងឆ្លុះបញ្ចាំងឲ្យតំបន់ និងសកលលោកទទួលស្គាល់ និងដឹងអំពីសក្តានុពលរបស់កម្ពុជា ហើយនេះក៏ជាវេទិកាមួយដែលផ្តល់កិត្តិយសដល់កម្ពុជា ឆ្លុះបញ្ចាំង អំពីសមត្ថភាព ឧត្តមភាព ស្មើមុខមាត់ នៅក្នុងតំបន់ និងអន្តរជាតិផងដែរ៕