(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទដែលពិភពលោកកំពុង ជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែអាចបញ្ចៀស បាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម និងម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាពទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកថែមទៀត។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈតាមរយៈសារលិខិតអបអរទិវាជាតិអាហារូបត្ថម្ភ លើកទី៩ នៅឆ្នាំ២០២២ ដែលធ្វើឡើងក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកានេះ។

ជាមួយគ្នានេះសម្តេចបានបបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការយើងទាំងអស់គ្នា ហើយម្ហូបអាហារមានសុវត្ថិភាពមានសារៈសំខាន់ ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជនផ្លាស់ប្ដូរ របៀបរបបរស់នៅ និងការហូបចុកដោយផ្លាស់ប្តូរពីការ ហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព។

ឆ្នាំនេះរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» ដើម្បីចូលរួមអបអរសាទរការប្រកាសឱ្យប្រើច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក កាលពីខែមិថុនាកន្លងមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នឹងត្រូវរៀបចំធ្វើឡើងនៅទូទាំងប្រទេស ដោយផ្តោតលើសកម្មភាពជាច្រើនដូចជា៖ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ ណែនាំបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ និងការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។

យុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនេះនឹងត្រូវបន្តធ្វើ ដូចភ្លៀងរលឹម ដើម្បីផ្សព្វផ្សាយជូនប្រជាជនកម្ពុជា គ្រប់រូបបានយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់ នៃសុវត្ថិភាពម្ហូបអាហារ និងទទួលបានម្ហូបអាហារមានសុវត្ថិភាព ប្រកបដោយអាហារូបត្ថម្ភ ហើយអាជីវកម្ម ម្ហូបអាហារត្រូវបានគោរពទៅតាមគោលការណ៍ ណែនាំស្តីពីអនាម័យ សុវត្ថិភាព គុណភាព និងនិរន្តរភាពប្រព័ន្ធផលិតកម្មម្ហូបអាហារ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

សម្តេចតេជោ ហ៊ុន បានគូសបញ្ជាក់បន្ថែមថា ដោយផ្អែកតាមលទ្ធផលរកឃើញនៃអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី៣២% មកត្រឹម២២% ហើយអត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី២៤% មកត្រឹម ១៦% ប៉ុន្តែអត្រាស្គមស្គាំង កុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩.៨% ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១៕