(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក មុត ភន អភិបាលស្រុកសំរោងទង បានដឹកនាំមន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស ធ្វើការសម្អាតសំរាមតាមដងផ្លូវសាធារណៈ និងបានណែនាំឲ្យតាមការិយាល័យក្នុងស្រុករួមគ្នាអប់រំការងារបរិស្ថានឲ្យបានប្រសើរ។
លោក មុត ភន អភិបាលស្រុកសំរោងទង បានចាត់ទុកថា ការងារបរិស្ថាន គឺជាការងារដ៏សំខាន់មួយ ក្នុងកិច្ចការសម្អាតបរិស្ថាន សម្រាប់យើងទាំងអស់គ្នា ហើយក៏ទាមទាឲ្យមានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណៈ ជាងនេះត្រូវសម្អាតអនាម័យជុំវិញខ្លួនរបស់យើង និងតាមទីសាធារណៈឲ្យបានប្រសើរជាប្រចាំ។
លោកអភិបាលស្រុកបន្តថា បរិស្ថានស្អាតកើតចេញពីយើងគ្រប់ៗគ្នា បរិស្ថានស្អាត បរិយាកាសល្អ សុខភាពសាធារណៈល្អ គ្រួសារមានសុភមង្គល និងមានឱកាសជួយអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែសំបូររុងរឿងបន្ថែមទៀត។
លោកអភិបាលស្រុកសំរោងទង ថ្លែងបែបនេះក្នុងពិធីបរិស្ថានស្អាត រៀបចំឡើងដោយរដ្ឋបាលស្រុក នៅបរិវេណខាងមុខសាលាស្រុកកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ តាមបណ្តាការិយាល័យជុំវិញស្រុក។
លោក មុត ភន បានថ្លែងអំណរគុណមន្ត្រីរាជការតាមការិយាល័យជុំវិញស្រុក មន្ទីរបរិស្ថាន លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្សទាំងអស់ដែលចំណាយពេលវេលាក្នុងការជួយសម្អាតបរិស្ថាន។
លោកអំពាវនាវស្នើឲ្យការបណ្ដុះគំនិតស្រឡាញ់បរិស្ថាន សម្អាតបរិស្ថា និងទុកដាក់សម្រាមអោយបានត្រឹមត្រូវ តាមប្រភេទសំរាម ជាងនេះមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សយុវជន ប្រជាពលរដ្ឋកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាសអាជវករទាំងអស់ នៅក្នុងស្រុកសំរោងទង ជាគំរូល្អកុំបោះសំរាមចោលពាសវាលពាសកាលដែលជាហេតុបណ្ដាលឲ្យខូចបរិស្ថាន ខូចសុខភាពមនុស្ស សត្វ រុក្ខជាតិ បាត់បង់សោភ័ណ្ឌភាព ព្រមទាំងប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរផងដែរ៕