(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពានាវដល់ប្រជាពលរដ្ឋ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់ក្រុមហ៊ុន សិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា រួមទាំងនៅតាមគ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនគ្រប់ឱ្យមានអនាម័យល្អ មានសុវត្ថិភាព និងគុណភាពស្របតាមស្ដង់ដារបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្ដីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ។

ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារលិខិតចូលរួមអបអសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» ដែលតែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ នៅថ្ងៃទី០៦ ខែវិច្ឆិកា។ នេះបើតាមសារលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា សូមបងប្អូនត្រូវយកចិត្តទុកដាក់រក្សាអនាម័យទាំងកន្លែងចម្អិនម្ហូបអាហារ កន្លែងបរិភោគ កន្លែងលាងសម្អាតដៃ បង្គន់អនាម័យ និងលាងសម្អាតសម្ភារដែលប្រើប្រាស់ ក្នុងការរៀបចំម្ហូបអាហារមុននឹងយកមកប្រើប្រាស់ និងត្រូវយកចិត្តទុកដាក់ ពិនិត្យលើវត្ថុធាតុដើម ម្ហូបអាហារដែលអាចហូបបានភ្លាមៗ ជាពិសេសបន្លែ និងផ្លែឈើស្រស់ៗ ដោយត្រូវ លាងសម្អាតឱ្យបានល្អ និងត្រូវចម្អិនម្ហូបអាហារសាច់សត្វឱ្យបានឆ្អិនមុននឹងបរិភោគ។

តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង ស្ថានពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកសារព័ត៌មាន យុវជន និងប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាស្តារអភិឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាសេនាធិការក្នុងការសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធស្បៀង ដើម្បីយើងខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ និងបញ្ជ្រាបការងារសុវត្ថិភាពម្ហូបអាហារ ទៅក្នុងគោលនយោបាយសុខភាពសាធារណៈ សំដៅកាត់បន្ថយជំងឺនានាមួយចំនួនបង្កឡើងដោយម្ហូបអាហារមិនមានសុវត្ថិភាព»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងជួយសម្រួលឱកាសធ្វើពាណិជ្ជកម្មអាជីវកម្មម្ហូបអាហារ ដែលនឹងរួមណែកយ៉ាងសំខាន់ ត្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយភាពឆ្នាំ២០៣០ «ដោយមិនទុក នរណាម្នាក់ចោលនោះឡើយ»