(ភ្នំពេញ)៖ ក្រោមដំបូលសន្តិភាព និងការដឹកនាំដ៏ឈ្លៀសវាងវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ រីកចម្រើនទៅមុខឥតឈប់ឈរ លេចធ្លោរលើ ឆាកអន្តរជាតិ ស្មើមុខស្មើមាត់ នឹងបណ្តាប្រទេសដ៏ទៃៗលើពិភពលោក ជាពិសេសកម្ពុជា ទទួលបានកិត្តិយស ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ កិច្ចប្រជុំកំពូលៗ ទាំងថ្នាក់តំបន់ និងអន្តរជាតិជាបន្តបន្ទាប់។
ព្រមជាមួយគ្នានេះ នៅក្នុងព្រឹត្តិការសំខាន់ៗទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ ក៏មានកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។
ជាថ្មីម្តងទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្ពុជា នឹងមានការរៀបចំព្រឹត្តិការជាតិ-អន្តរជាតិជាច្រើន រួមមាន៖
*កិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០-៤១ ដែលសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន
*មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ
*ទិវាបុណ្យឯករាជ្យជាតិ
*ទិវាកំណើតកងយោធពលខេមរភូមិន្ទ
*ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន, នាយករដ្ឋមន្ត្រីវៀតណាម, ការប្រកួតកីឡាជាតិលើកទី៣ (១៩-៣០/១១/២០២២)ជាដើម។
ដើម្បីជាការដាស់តឿនក្រើនរំលឹកពង្រឹងស្មារតី កុំឲ្យបាត់ម្ចាស់ការលើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ ផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដែលនឹងត្រូវអនុវត្តក្នុងព្រឹត្តិការជាតិ-អន្តរជាតិ នាពេលខាងមុខ ដោយធ្វើការណែនាំនិងត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារ គ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ មានការចូលរួមពីមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរង ការិយាល័យ ជំនាញពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត៕