(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបង្ខិតសេវាចុះឈ្មោះបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ តាមរយៈការចល័តការិយាល័យចុះឈ្មោះបោះឆ្នោត។
លោក ស៊ុំ ប៊ុនហុង អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំព័ត៌មាន និងទំនាក់សាធារណៈ គ.ជ.ប បានឱ្យដឹងថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានរយៈពេល៥០ថ្ងៃ ដោយក្នុងនោះ គ.ជ.ប បានបែងចែកការងារនេះជា៣ផ្នែករួមមាន៖
*ទី១៖ រយៈពេល១៥ថ្ងៃ គឺត្រូវធ្វើនៅតាមសាលាឃុំ សង្កាត់,
*ទី២៖ រយៈពេល២៥ថ្ងៃ ក្រុមការងារចុះឈ្មោះបោះឆ្នោតនឹងចល័តទៅតាមឃុំ សង្កាត់នីមួយៗ
*ទី៣៖ រយៈពេល១០ថ្ងៃចុងក្រោយ ក្រុមការងារនឹងត្រឡប់មកធ្វើការចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់វិញ។
លោកបានគូសបញ្ជាក់ថា ការចល័តការិយាល័យចុះឈ្មោះបោះឆ្នោតនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ឬតំបន់ឆ្ងាយពីឃុំ សង្កាត់ ដែលមានការលំបាក ឬក៏ប្រជាពលរដ្ឋដែលមានភាពរវល់មិនអាចធ្វើដំណើរមកចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់បាន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៨៥,២៧១នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០៩,០៣៥នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១៣,២៨១នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥៧,៣៦៩នាក់។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ៖
*ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ
*ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក និងប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យ មើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕