(ភ្នំពេញ)៖ តាមរយៈវេទិកាសាធារណៈ ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ នឹងលើកយកមកដោះស្រាយជាបន្តបន្ទាប់ ទៅតាមសំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសប្បាយ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌមានជ័យ បានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានី តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ នៅក្នុងវេទិកានោះប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវ លូ សុំបើកផ្លូវ បញ្ហាសណ្តាប់ធ្នាប់ ចរាចរណ៍ បញ្ហាចោរលួចគាស់ផ្ទះ បញ្ហាគ្រឿងញៀន សុំសាងសង់សាលារៀន និងរថយន្តដឹក ខ្សាច់ធ្វើឱ្យខូចផ្លូវ។
លោក ហែម ដារិទ្ធ បានលើកឡើងថា ក្នុងវេទិកានេះប្រជាពលរដ្ឋមិនបានលើកឡើងពីបញ្ហាសំរាម និងអគ្គិសនីទេ នោះមានន័យថាសេវាទាំង២នេះ នៅក្នុងខណ្ឌមានន័យឃើញថា មានលក្ខណៈល្អប្រសើរហើយ។ ចំពោះការលើកឡើងជាសំណួរ សំណូមពររបស់ប្រជាពលរដ្ឋឱ្យស្ថាបនាផ្លូវ លូនេះ មានប្រជាពលរដ្ឋចំនួន១១នាក់ បានលើកឡើងដោយផ្ទាល់។ ចំពោះបញ្ហានេះ ក្នុងនាមអាជ្ញាធរខណ្ឌ នឹងដោះស្រាយជូនប្រជាពលរដ្ឋ ទៅតាមការស្នើសុំគ្រាន់តែផ្លូវខ្លះត្រូវស្ថាបនាមុន និងក្រោយ អាស្រ័យលើថវិកាយើងមាន។
លោក នួន ផារ័ត្ន បានលើកឡើងថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌមានជ័យនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណើ សំណូមពរដោយផ្ទាល់មាត់ ចំនួន១៤នាក់ ក្នុងចំនួននេះការស្នើសុំស្ថាបនាផ្លូវ ដាក់ប្រព័ន្ឋលូ និងស្តារលូ។ ចំណែកសំណួរ សំណើ សំណូមពរ ជាលាយលក្ខណ៍អក្សមានចំនួន៧៥។ ចំពោះសំណួរ សំណើ សំណូមពរទាំអស់នេះ អាជ្ញាធរនឹងដោះស្រាយជូន ទៅតាមស្ថានភាពជាក់ស្តែង ដោយការសុំកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវលូនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងដាក់មន្ត្រីជំនាញឱ្យចុះពិនិត្យ និងសិក្សា ក្រោយពិនិត្យ និងសិក្សា ហើយនឹងធ្វើរបាយការណ៍ទៅអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធភាពក្នុងស្ថាបនា និងជួសជុល។
លោកបានបន្តថា «នៅភ្នំពេញយើងមានផ្លូវប្រវែងជាង ៣,៥០០គីឡូម៉ែត្រ តែយើងមិនបានជាប់បំណុលគេនោះទេយើងមានលុយយើងធ្វើ។ ប៉ុន្តែនៅពេលអនាគត យើងនឹងអាចខ្ចីថវិកាគេ សម្រាប់គម្រោងធំៗ»។
ចំពោះការស្នើសុំសាងសង់សាលារៀន លោក នួន ផារ័ត្ន បានបញ្ជាក់ថា «យើងនឹងបន្តស្នើទៅក្រសួងអប់រំ ដើម្បីពិនិត្យលទ្ធភាពក្នុងការស្ថាបនា។ ចំពោះបញ្ហាសណ្តាប់ធ្នាប់ ចោរលួចគាស់ផ្ទះ ជនអាណាថាសេពគ្រឿងញៀន និងជួញដូរគ្រឿងលោកស្នើឲ្យគណៈបញ្ជាការឯកភភាពរដ្ឋបាលខណ្ឌស្ទឹងមានជ័យ ចាត់វិធានការសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ»។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខានដោយការរាតត្បាតជំងឺកូវីដ១៩ យើងមិនបានជួបជុំគ្នាបែបនេះទេ។ តែពេលនេះយើងបានជួបជុំគ្នាជាធម្មតាឡើងវិញ។ ការជួបជុំគ្នាបែបនេះឡើងវិញ វាមិនមែនកើតឡើងដោយឯកឯងនោះទេ តែវាបានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីកជូនប្រជាពលរដ្ឋរហូតបើកដំណើរការសេដ្ឋកិច្ចប្រទេសជាធម្មតាឡើងវិញ៕