(ភ្នំពេញ)៖ លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តី បានអញ្ជើញចូលរួមនៅក្នុង វេទិកាបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន ស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ប្រារព្ធធ្វើឡើងនាថ្ងៃទី០២ និងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។
លោក ម៉ែន សុចិត្រ បានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងទម្រង់ចម្រុះ នឹងបង្កើតឲ្យមានឱកាសចូលរួមសកម្ម សម្រាប់អ្នកចូលរួមតាមអនឡាញ និងចូលរួមដោយផ្ទាល់ ក្នុងគោលបំណងលើកម្ពស់តួនាទីរបស់វិស័យឯកជន នៅក្នុងវិធីសាស្រ្តពហុវិស័យដើម្បីការពារកុមារតាមប្រព័ន្ធអនឡាញ។
សន្និសីទនេះ គឺជាព្រឹត្តិការណ៍ចម្រុះក្នុងរយៈពេល ២ថ្ងៃ រៀបចំដោយអាស៊ាន ដោយមានការគាំទ្រពីយូនីសេហ្វប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃយូនីសេហ្វកម្ពុជា អង្គការ ECPAT International និយ័តករ Australia Safety Commissioner និងនាយកដ្ឋាន Australia Attorney Genaral Department។
ព្រឹត្តិការណ៍នេះ ក៏មានការជួបជុំនៃស្ថាប័នអាស៊ានពាក់ព័ន្ធ អ្នកតំណាងនៃរដ្ឋសភាសមាជិកអាស៊ាន ក្រុមហ៊ុន វិស័យឯកជន អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការនានានៃអង្គការសហប្រជាជាតិ អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងអ្នកបច្ចេកទេសថ្នាក់អន្តរជាតិ ថ្នាក់តំបន់ និងថ្នាក់ជាតិ រួមទាំងកុមារ និងយុវវ័យផងដែរ។
គួរបញ្ជាក់ថា យូនីសេហ្វ ខិតខំធានាថា នឹងមិនមានសកម្មភាពរបស់ជនណាម្នាក់នឹងធ្វើឲ្យមានគ្រោះថ្នាក់ រំលោភបំពាន ឬប្រព្រឹត្តរើសអើង ឬហិង្សាក្នុងទម្រង់ណាមួយលើកុមារជាដាច់ខាត។ យូនីសេហ្វ ឲ្យសារៈសំខាន់ជាចម្បងលើឧត្តមប្រយោជន៍របស់កុមារ នៅគ្រប់ការសម្រេចចិត្ត និងសកម្មភាពទាំងអស់ គុណតម្លៃរបស់យូនីសេហ្វ គឺការថែទាំសេចក្តីគោរព សុចរិកភាព ទំនុកចិត្ត និងការទទួលខុសត្រូវ៕