(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅសង្កាត់ទួលទំពូងទី២ ដោយដាក់លូរំដោះទឹក ទំហំ០.៦ម៉ែត្រ ប្រវែង៧១២ម៉ែត្រ លើកំណាត់ផ្លូវលេខ៤១៨ និងផ្លូវលេខ៤០៨ ក្នុងភូមិ៣ ដែលត្រូវចំណាយថវិកាសរុប ចំនួន១៣៨លាន៨៤ម៉ឺនរៀល។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបន្តបេសកកម្មធ្វើឲ្យកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេស គឺការសម្រេចបាននូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាព ដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ ទៅលើគម្រោង ជាអាទិភាពរួមមានការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តារលូ និងការរៀបចំការ៉ូឡាឲ្យមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់។
ជាមួយគ្នានេះ លោក កៀង ល័ក្ស ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមទីតាំងបើកការដ្ឋានមានការយោគយល់ ខណៈគម្រោងដំណើរការនាំឲ្យមានការរំខានដល់ការប្រកបអាជីវកម្ម ឬការធ្វើដំណើរចេញចូលផ្ទះជាដើម។ លោកជំរុញឲ្យក្រុមហ៊ុនដែលទទួលបានគម្រោងស្ថាបនា ត្រូវខិតខំរក្សាឲ្យបាននូវក្រមសីលធម៌ គោរពឲ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។
លោក កៀង ល័ក្ស បានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តការងាររបស់ក្រុមហ៊ុនទទួលម៉ៅការផងដែរ ពីព្រោះប្រជាពលរដ្ឋ គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តរបស់ក្រុមហ៊ុន ខុសពីកិច្ចសន្យា ត្រូវរាយការណ៍ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់។
បើតាមរបាយការណ៍របស់លោក ស៊ិន សុវណ្ណ ចៅសង្កាត់ទួលទំពូងទី២ បានឲ្យដឹងថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទួលទំពូងទី២ បានលើកគម្រោងមានដូចខាងក្រោម៖ ដាក់លូដោះទឹក ទំហំ០.៦ម៉ែត្រ ប្រវែង៧១២ម៉ែត្រ លើកំណាត់ផ្លូវលេខ៤១៨ និងផ្លូវលេខ៤០៨ ក្នុងភូមិ៣ ដែលត្រូវចំណាយថវិកាសរុប ចំនួន១៣៨លាន៨៤ម៉ឺនរៀល៕