(ថៃ)៖ លោក ស៊ុធីឆៃ (Suthichai) អ្នកសារព័ត៌មានជើងចាស់ដ៏មានប្រជាប្រិយភាព នៅក្នុងប្រទេសថៃ បានធ្វើអត្ថាធិប្បាយរំលេចពីវីរភាព និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។

លោកបានប្រសិទ្ធនាមជូនសម្តេចតេជោ ហ៊ុន សែន ថាជា «ព្រឹទ្ធាចារ្យការទូតអាស៊ាន» ហើយបាន និងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនទៀតផង។

តាមរយៈវីដេអូនៅលើបណ្តាញសង្គម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Suthichai បានប្រើប្រាស់ប្រធានបទមួយថា សម្តេចតេជោ ហ៊ុន សែន ស្ម័គ្រចិត្តសម្រប​សម្រួលដល់កិច្ចសន្ទនាសន្តិភាពរវាង លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី និងលោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន។

ក្នុងការអត្ថាធិប្បាយនេះ អ្នកសារព័ត៌មានជើងចាស់របស់ថៃ បានកោតសរសើរពីវីរភាពរបស់សម្តេច ក្នុងការធ្វើជាប្រធានអាស៊ាន ដែលមានបទពិសោធជាព្រឹទ្ធាចារ្យការទូតម្នាក់។ លោកបានលើកឡើងពីកម្ពុជាដែលបានបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចនៅអង្គការសហប្រជាជាតិថ្កោលទោសចំពោះប្រទេសរុស្ស៉ី ដែលឈ្លានពានអ៊ុយក្រែន។ បន្ថែមពីនេះ លោកក៏បានរិះគន់ផងដែរចំពោះប្រទេសថៃ ដែលបានបោះឆ្នោតអនុបវាទលើសេចក្តីសម្រេចនេះ ខណៈថៃគ្មានទំនាក់ទំនងអ្វីទាល់តែសោះជាមួយរុស្ស៉ី មិនដូចវៀតណាម និងឡាវឡើយ។

តាំងពីដើមមក បន្ទាប់ពីមានសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ប្រទេសកម្ពុជា បានប្រកាសប្រកាន់ជំហរដាច់ខាតបោះឆ្នោតប្រឆាំងចំពោះប្រទេសរុស្ស៉ី ដែលបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នៅក្នុងអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិសំខាន់ផ្សេងៗ។ កម្ពុជាក៏ចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ព្រមទាំងស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែនផងដែរ។

អ្នកសារព័ត៌មានជើងចាស់របស់ថៃ បានសរសើរចំពោះ កម្ពុជាដែលហ៊ានអារកាត់ ហ៊ាននិយាយ ហើយថែមទាំងបានអញ្ជើញ លោកពូទីន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះថែមទៀត ហើយកម្ពុជាក៏បានធ្វើជាអ្នកសម្របសម្រួលសន្តិភាពនៅអ៊ុយក្រែនផងដែរ។

ក្នុងឋានៈជាប្រធានអាស៊ាន នាថ្មីៗនេះ កម្ពុជាបានអញ្ជើញ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកានេះផងដែរ។ ប៉ុន្តែរហូតដល់ពេលនេះ លោកពូទីន មិនទាន់បានតបចំពោះការអញ្ជើញនេះនៅឡើយ។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក វ៉ូឡូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន ដោយក្នុងន​ោះ លោកក៏បានស្នើសុំពី សម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខនេះផងដែរ។

លោក Suthichai បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានភាពឈ្លាសវៃ ហើយត្រូវបានមើលឃើញថា បានបំពេញតួនាទីជាប្រធានអាស៊ានដ៏ល្អរហូតដល់វិនាទីចុងក្រោយ ហើយក៏ជាព្រឹទ្ធាចារ្យការទូតដ៏សំខាន់នៅអាស៊ានផងដែរ៕