(សៀមរាប)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថាក្នុងរយៈពេល៣០ឆ្នាំ នៃប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យ ព្យាបាលកុមារ និងស្រ្តីមានផ្ទៃពោះនៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ២១,២៤៦,១៧៧ករណី (ជំងឺកុមារចំនួន ១៨,៨២៦,៤៥៧ករណី)។
ក្នុងនោះបានព្យាបាលកុមារសម្រាកក្នុងមន្ទីរពេទ្យចំនួន ២,៣១៧,៧២៣នាក់ សម្រាលកូន បានចំនួន ៣៦០,៥២៣នាក់ និងព្យាបាលវះកាត់ជំងឺបេះដូងពីកំណើតបានចំនួន ៦,៤០២នាក់ ហើយត្រឹមតែមន្ទីរពេទ្យជ័យវរ្ម័នទី៧ តែមួយមានកុមារសរុបជាង១លាននាក់បានមកទទួលសេវាពិនិត្យនិងព្យាបាល។
ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ ដែលមានការចូលរួមពី លោកបណ្ឌិត René Schwarzenbach ប្រធានមូលនិធិគន្ធបុប្ផាស្វីស និងលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា រួមជាវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិកា ចំនួនជាង៤០០នាក់ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។
សន្និសីទអន្តរជាតិគន្ធបុប្ផាត្រូវបានរៀបចំឡើងជាលើកដំបូង នាឆ្នាំ២០០៤ ដោយឈរលើស្មារតីលើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្រ្តជាប្រចាំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសក្នុងការព្យាបាលជំងឺ រវាងវេជ្ជបណ្ឌិតកម្ពុជា និងសាស្ត្រាចារ្យល្បីៗមកពីមន្ទីរពេទ្យកុមារ នៃសាកលវិទ្យាល័យហ្សុយរិក ប្រទេសស្វីស ប៉ុន្តែត្រូវបានអាក់ខានរយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
ប្រធានបទសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ផ្តោតលើ ១៖ ការព្យាបាលថែទាំជំងឺទារក,២៖ ការព្យាបាលសង្គ្រោះបន្ទាន់ផ្នែកកុមារ, ៣៖បទពិសោធន៍ក្នុងការគ្រប់គ្រងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យគន្ធបុប្ផា និងនៅមន្ទីរពេទ្យកុមារប្រទេសស្វីស និង៤៖ បច្ចុប្បន្នភាពបច្ទេកទេសផ្នែកសល្យសាស្ត្រកុមារ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនចំពោះបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់សេវា ថែទាំកុមារប្រកបដោយស្មារតីវិជ្ជាជីវៈខ្ពស់ ទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។
លោករដ្ឋមន្ត្រីបានគូសរំលេចថា ថ្ងៃនេះគឺជាខួបគម្រប់៣០ឆ្នាំ នៃមន្ទីពេទ្យគន្ធបុប្ផា ហើយយើងទាំងអស់គ្នាចងចាំជានិច្ចលោកវេជ្ជបណ្ឌិត BEAT RICHNER និងលោកវេជ្ជបណ្ឌិត PETER STUDER គឺជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងឥតនឿយហត់ លះបង់ទាំងកំលាំងកាយ ចិត្តនិងថវិកា និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ទាំងនៅប្រទេសស្វីស និងនៅកម្ពុជា ទើបមន្ទីរពេទ្យគន្ធបុប្ផាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេសបានជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជាយ៉ាងច្រើន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។
រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាឆ្នាំ១៩៩២ មន្ទីរពេទ្យគន្ធបុប្ផាមានតែមួយទីតាំង និងមានគ្រែសម្រាកពេទ្យចំនួន ៦០គ្រែ តែបច្ចុប្បន្ន មន្ទីរពេទ្យ មាន៥ទីតាំង មានគ្រែសរុប ២,០៨៨គ្រែ និងមានបុគ្គលិកចំនួន ២,៤៩៩នាក់ កំពុងបម្រើការងារប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិគន្ធបុប្ផាស្វីស Dr.med. Beat Richner និងមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គ្រប់គ្រងដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជាមួយមូលនិធិគន្ធបុប្ផាទាំងពីរ និងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស គាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ឱ្យនៅតែជាមន្ទីរពេទ្យមួយមាន ស្តង់ដារព្យាបាលខ្ពស់ ប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ដោយឥតគិតថ្លៃ ហើយដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់និងជឿទុកចិត្ត។
លោកបណ្ឌិត René Schwarzenbach ប្រធានមូលនិធិគន្ធបុប្ផាស្វីស បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានទទួលស្គាល់ថាជា មជ្ឈមណ្ឌលឧត្តមភាពនិងការបណ្តុះបណ្តាល។
លោកប្រធានមូលនិធិក៏បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងប្តេជ្ញាបន្តគាំទ្រមូលនិធិគន្ធបុប្ផាស្វីស និងអំពាវនាវដល់រដ្ឋាភិបាលស្វីសបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Micheal Grotzer អនុប្រធានមូលនិធិគន្ធបុប្ផាស្វីស បានគូសរំលេចថា ជោគជ័យរបស់មន្ទីរពេទ្យគន្ធបុប្ផារយៈពេល៣០ឆ្នាំកន្លងមកនេះ ដោយគោលគំនិតសំខាន់ៗពីររបស់លោកវេជ្ជបណ្ឌិត BEAT RICHNER គឺ ១៖ ការផ្តោតលើគុណភាពនៃវេជ្ជសាស្រ្តកុមារ រួមមានកិច្ចសហការអន្តរផ្នែក និងអន្តរវិជ្ជាជីវៈទាំងវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ គិលានុប្បដ្ឋាក-យិកា និងផ្នែកមន្ទីរពិសោធន៍ និង២៖ ការយកចិត្តទុកដាក់លើសុវត្ថិភាពនៃការថែទាំអ្នកជំងឺ៕