(ឥណ្ឌូនេស៊ី)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ទ្រង់បានដឹកនាំគណៈប្រតិភូរយាងបំពេញព្រះរាជកិច្ច នៅក្រៅប្រទេសចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំ G20 & R20 នៅប្រទេសឥណ្ឌូនេសុី ដែលមានការចូលរួមថ្នាក់ដឹកនាំកំពូលៗជាង១០០ប្រទេស។

នៅពេលយាងដល់ប្រទេសឥណ្ឌូនេស៉ី សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានយាងចូលរួមក្នុងកម្មវិធី G20 Religion Summit (R20) នៅសណ្ឋាគារ Grand Hyatt កោះបាលី តាមសេចក្តីសូមយាងរបស់លោក Kyai Haji Yahya Cholil Staquf ប្រធានស្ថាបនិក R20 Religion Forum។

កម្មវីធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាសនានៅលើពិភពលោកមានប្រមាណជាង ១០០ ប្រទេស ដោយមានសមាជិក-សមាជិកាជាង ២០០០ នាក់ ដើម្បីជួបប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានឹងគ្នា ស្វែងរកដំណោះស្រាយរួមមួយសម្រាប់ «សន្តិភាពពិភពលោក» កម្មវិធីប្រព្រឹត្តរយៈពេល២ ថ្ងៃ គឺថ្ងៃទី០២ និងថ្ងៃទី០៣ នៃខែវិច្ឆិកា ឆ្នាំ២០២២៕