(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា មន្ត្រីរាជការ កងកម្លាំងនិងពុទ្ធបរិស័ទ បានរៀបចំដង្ហែអង្គកឋិនទានសាមគ្គី ឆ្ពោះទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ងួន រតនៈ បានលើកឡើងថា ដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសក្នុងស្ថានភាពពិភពលោក ប្រឈមទៅនឹងការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិ-បណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ។
ពិសេសជាងនេះទៀត ក្នុងអំឡុងពេលសកលលោកជួបនូវវិបត្តិជាសកលនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងពុះពារស្វែងរកវ៉ាក់សាំងចាក់ ការពារជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសដោយឥតគិតថ្លៃ បានធ្វើឲ្យស្ថានភាពនៃការឆ្លងមានការថយចុះជាលំដាប់ ហើយសម្រេចបើកប្រទេសពេញលេញឡើងវិញ តាមរយៈការណែនាំឲ្យបងប្អូនគ្រប់ទីកន្លែងរៀនរស់ តាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ ការពារការឆ្លងរីករាលដាលទៅក្នុងសហគមន៍។
លោកបន្តទៀតថា វត្តអារាម និងព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរជាទីកន្លែងអប់រំ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដើម្បីជាការចូលរួមលើកស្ទួយ វិស័យពុទ្ធចក្រ និងអាណាចក្រ។ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដែលបន្តកេរ្តិ៍ដំណែល តាំងពីបុរាណកាលមកទុកសម្រាប់កូនចៅជំនាន់ក្រោយតរៀងមក ដល់ពេលបច្ចុប្បន្នហើយបុណ្យកឋិន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមួយដែលបានកំណត់ពេលវេលាច្បាស់លាស់ ហើយរយៈពេលនៃការរៀបចំធ្វើអង្គកឋិនទាន អាចធ្វើបានតែ១ខែគត់ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយវត្តនីមួយក៏ប្រារព្ធបានតែម្តងក្នុងមួយឆ្នាំ។
លោកបន្តថា នេះគឺជាកម្លាំងសាមគ្គីក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខនិងចង់បង្ហាញពីវប្បធម៌ ប្រពៃណីរបស់ខ្មែរតាំងពីជាយូរយារហើយ អង្គកឋិនអាចនាំគ្នាធ្វើបានគ្រប់វ័យមិនចាំ ទ័លតែមានវ័យចំណាស់ ឬមានដន្លងទើបធ្វើបាននោះទេ។
ក្នុងពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តឥន្ទ្រីយ៍វរៈ (ហៅវត្តកំពង់ធំ)បានប្រមូលបច្ច័យជិត ៤ម៉ឺនដុល្លារ ដើម្បីព្រះមេគុណខេត្តចាត់ចែងរៀបចំកសាងសាលាឆាន់បន្តទៀត៕