(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពកក់ក្តៅ និងបង្កើនភាពស្និតស្នាលរីករាយជាមួយគ្នា នាព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បាននាំយកនូវសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនក្មួយៗសិស្សានុសិស្ស ចំនួន៤៤៣នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប និងថវិកាចំនួន ៥,០០០រៀល។ លោកគ្រូ-អ្នកគ្រូ ១១នាក់ ម្នាក់ៗទទួលបានថវិកា ២០,០០០រៀល លោកនាយកសាលា ចំនួន ១០០,០០០រៀល។
ជាមួយគ្នានោះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានក្រើនរំលឹកទៅដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ អោយក្លាយខ្លួនជាសិស្សពូកែ និងជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លោក ធឹម សំអាន ក៏បានអំពាវនាវដល់ក្មួយៗ ត្រូវរស់នៅស្អាត ហូបស្អាត ពោលគឺចេះធ្វើអនាម័យ ដោយលាងដៃនឹងសាប៊ូ រៀងរាល់មុនពេលញាំអាហារ ដើម្បីការពារបានការឆ្លងមេរោគ និងការពារបាននូវជំងឺកូវីដ១៩ថែមទៀតផង ៕