(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ របស់លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការខណ្ឌ បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ ហើយដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបល្បែងស៉ីសងមួយកន្លែងប្រភេទ (Online-Joker) ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារេត នៅក្នុងរង្វង់ប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបល្បែងស៉ីសងមួយកន្លែងប្រភេទ (Online-Joker) នេះបានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ហ៊ាង ថារេត បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ស្ត្រីជាប់សង្ស័យពាក់ព័ន្ធនៅក្នុងរង្វង់ប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបល្បែងស៉ីសងមួយកន្លែងប្រភេទ (Online-Joker) នេះដែរមានឈ្មោះ ហេង ធីតា អាយុ៣១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ។
លោកវរសេនីយ៍ឯក ហ៊ាង ថារេត បានបញ្ជាក់នៅក្នុងរបាយការណ៍ទៀតថា មិនចំពោះស្រាវជ្រាវបង្ក្រាបតែករណីល្បែងស៉ីសងប្រភេទ (Online-Joker) នេះទេ, កម្លាំងនគរបាលរបស់លោក នឹងបន្តពង្រឹងបន្ថែមទៀត ទាំងការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងតាមដែលអាចធ្វើបាន ក្រោយមានការចង្អុលបង្ហាញឲ្យបន្តស៉ើបអង្កេតតាមជុំនាញ ដើម្បីឈានដល់ការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេស ការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ ក្រោយឃាត់ខ្លួនស្ត្រីជាប់សង្ស័យ និងវត្ថុតាងពាក់ព័ន្ធបទល្មើល្បែងស៉ីសងប្រភេទ (Online-Joker) ត្រូវបាននឹងកំពុងរៀបចំសំណុំឯកសារណែនាំ និងអប់រំតាមនិតិវិធីច្បាប់ជាធរមាន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ៕