(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានរៀបចំប្រគល់ជ័យលាភីការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ដល់ប្រតិបត្តិករជ័យលាភីមកពីវិស័យឯកជន វិស័យសាធារណៈ និងគ្រឹះស្ថានសិក្សា ក្រោមអធិបតីភាព លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន។
លោក ទិន ពន្លក បានថ្លែងថា «កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា» ជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា លើការប្រកួតប្រជែងប្រសិទ្ធភាពថាមពល សម្រាប់អគារសាធារណៈ និងឯកជន។ គោលបំណងសំខាន់ នៃការប្រកួតប្រជែងនេះ គឺផ្តោតលើទិដ្ឋភាពផ្សេងគ្នា នៃប្រសិទ្ធភាពថាមពល រាប់ចាប់តាំងពីអ្នកប្រើប្រាស់ និងការផ្លាស់ប្តូរការអនុវត្ត និងអាកប្បកិរិយាប្រចាំថ្ងៃ។
លោក ទិន ពន្លក បានបន្ថែមថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ អាទិភាពចម្បងរបស់ប្រទេសកម្ពុជា គឺការកសាងភាពធន់ ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវរាល់ផលប៉ះពាល់ដែលបណា្តលមកពីការប្រែប្រួលអាកាសធាតុមកលើសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងផលិតភាពកសិកម្ម។
បន្ថែមពីនោះទៀត លោក ទិន ពន្លក បានគូសបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែរដ្ឋាភិបាលបានបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួន ប្រកបដោយយុទ្ធសាស្រ្តជាក់លាក់ ដើម្បីរួមចំណែកជាសាកល ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
កម្មវិធីនេះ មានការចូលរួមពីលោក Pellet Jacques ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, លោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប, លោកស្រី Alissar Chaker តំណាង UNDP ប្រចាំនៅកម្ពុជា, លោកបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, តំណាង Schneider Electric និងអ្នកពាក់ព័ន្ធ នៅសប្ដាហ៍មុន នាទីស្តីការក្រសួងបរិស្ថាន។
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីតាំងក្រុមហ៊ុន សិវែ (SEVEA) ការិយាល័យអាឃ្វេសិនផាក (Aquation Office Park) បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីកម្មវិធីប្រកួតប្រជែង ប្រសិទ្ធភាពថាមពលកម្ពុជា រដូវកាលទីមួយនេះ ដើម្បីបង្ហាញ និងអបអរសារទរ ពីលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការសន្សំសំចៃថាមពល ១០% ក្នុងចំណោមអគារដែលបានចូលរួមប្រកួតទាំងអស់។
ម្ចាស់ជ័យលាភី អ្នកឧបត្ថម្ភ និងអ្នករៀបចំកម្មវិធី បានធ្វើការពន្យល់រៀបរាប់អំពីមូលហេតុ ដែលពួកគេចូលរួម និងប្ដេជ្ញាចិត្តនៅក្នុងកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជានេះ។
ក្នុងឱកាសនេះ ក្រុមហ៊ុន សិវែ (SEVEA) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលជាអ្នករៀបចំកម្មវិធីប្រកួតប្រជែងនេះ ក៏បានផ្ដល់ជូនគោលចំណុចចម្បងៗ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីសារៈសំខាន់នៃការបង្កើនការយល់ដឹង លើប្រសិទ្ធភាពថាមពល និងការសន្សំសំចៃថាមពលផងដែរ។
ក្រុមការងារ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ ពីក្រុមប្រឹក្សាជាតិជាតិអភិវឌ្ឍន៍ ដោយចីរភាព និងក្រសួងបរិស្ថាន តាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់ទី៣ ដែលទទួលបានមូលនិធិពីសហគមន៍អឺរ៉ុប ប្រទេសស៊ុយអែត និងយូអ៊ិនឌីភី។ ក្រុមការងារ ក៏សូមថ្លែងអំណរគុណជាពិសេសផងដែរ ទៅកាន់ ក្រុមហ៊ុន Schneider Electric៕