(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានណែនាំ និងក្រើនរំលឹកដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ កុំបណ្ដោយឲ្យខ្លួនពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់គ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន ពោលត្រូវធ្វើជាកម្លាំងជំនួយដ៏សំខាន់ជូនសមត្ថកិច្ច ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។
ក្នុងឱកាសអញ្ជើញជាតំណាងរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៣, លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានលើកទឹកចិត្តដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខ និងគ្រឹះស្ថានដែលប្រើប្រាស់កម្លាំងសន្ដិសុខ ឲ្យបន្ដបញ្ជូនភ្នាក់ងាររបស់ខ្លួនដែលមិនទាន់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល មកទទួលការបណ្ដុះបណ្ដាលបំប៉នជំនាញពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងសមត្ថភាព។
លោកបានអះអាងថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើនជាបន្ដបន្ទាប់ ហើយការមកទទួលការបណ្ដុះបណ្ដាលបំប៉នជំនាញនេះ ដើម្បីទទួលបានជំនឿទុកចិត្តពីម្ចាស់គោលដៅដែលខ្លួនឈរជើងផងដែរ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ដោយត្រូវធ្វើជាពលរដ្ឋល្អ និងមហាជនល្អ និងជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ ជាពិសេស នៅពេលឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានណែនាំដល់ភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្តុះបណ្តាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ពោលត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន
និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។
បន្ថែមពីនេះ លោកក៏បានស្នើដល់នាយកដ្ឋានបន្តយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត ខណៈនាយកក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា ក៏ត្រូវបន្តចូលរួមគាំទ្រវគ្គបណ្តុះបណ្តាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខ ឯកជនមកចូលរួមវគ្គសិក្សា។ ដោយឡែក សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤៣ ប្រព្រឹត្តទៅចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលសិក្ខាកាមចំនួន១៧៨នាក់ (ស្រី២នាក់) ក្នុងនោះរួមមាន៖ នាយ-នាយរងនគរបាល នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន៦នាក់, ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៦៩នាក់ (ស្រី២នាក់) មកពី៥៨ក្រុមហ៊ុន និងភ្នាក់ងារសន្តិសុខឯកជន សហគ្រាសគ្រឹះស្ថាន ចំនួន១០៣នាក់ មកពី២៥គ្រឹះស្ថាន។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ទៀតថា រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន៤៣លើក ក្នុងនោះសិក្ខាកាមជានាយ-នាយរងនគរបាលជាតិ ចំនួន១៦៨នាក់ (ស្រី១១នាក់) និងសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន សរុបចំនួន៧,៦០០នាក់ (ស្រី១៨០នាក់)។
បើតាមលោកប្រធាននាយកដ្ឋាន កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។
លោកបន្ដទៀតថា នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សង្កេតឃើញថា ភ្នាក់ងារសន្តិសុខ ដែលបានឆ្លងវគ្គបំប៉នជំនាញនេះធ្វើអោយមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព។ លោកក៏សូមអំពាវវនាវ និងសំណូមពរដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីសភាពការណ៍ ឬបទល្មើស ដែលបានកើតឡើងនូវតាមបណ្ដាគោលដៅរបស់ខ្លួន ទៅដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស៕