(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកពាមជរ ដោយលោក វ៉ា ធីម ត្រូវបានតែងតាំងជាអភិបាលស្រុកពាមជរថ្មី ជំនួសលោក សេង ធា ដែលត្រូវទៅបំរើការងារនៅរដ្ឋបាលខេត្តព្រៃវែង។
ជាមួយគ្នានេះ លោក វ៉ា ធីម ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាលស្រុកពាមជរថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធិភាព។
លោកអភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកថ្មី និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ត្រូវបន្តពង្រឹងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាពការងារ នៅក្នុងអង្គភាពឲ្យមានគុណភាពកាន់តែល្អប្រសើរ ជាពិសេស ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕