(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ និងប្រកាសសុពលភាពមន្ត្រីរាជការ ទើបតែងតាំងថ្មីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
ការប្រកាសតែងតាំងមន្ត្រីថ្មីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនេះ លោក ហ៊ាង សុទ្ធាយុត្តិ ឡើងជាអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ទេស តារារ័ត្ន ឡើងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការតែងតាំងមន្ត្រីជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការរបស់ខ្លួន បានជោគជ័យជាច្រើន ជាពិសេសការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យានានា ក្នុងការសម្រួលដល់ការផ្តល់សេវាសាធារណៈសំដៅបង្កើនចំណូលជាតិយ៉ាងមានប្រសិទ្ធភាព និងដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងពេលវេលាក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសតាមរយៈវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែរីកចម្រើនជាលំដាប់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បាននិងកំពុងជំរុញការសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដែលធានាភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ផ្លូវ និងធានាការធ្វើអាជីវកម្មក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាព និងតម្លាភាពសម្រាប់សង្គមជាតិ ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមាភាពប្រសើឡើង ។
ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាច បញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ។ ប្រព័ន្ធនេះគ្រោងនឹងបញ្ចប់ការរៀបចំ ដើម្បីដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ ខាងមុខនេះ។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទប្រើប្រាស់សម្ភារឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវឱ្យមានប្រសិទ្ធភាព និងថែទាំឱ្យបានល្អ អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថាការចំណាយលើការទិញឧបករណ៍ទាំងនោះជាចំណាយថវិកាជាតិ និងបានណែនាំ ឱ្យមន្ត្រីពាក់ព័ន្ធសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ស្វែងរកប្រភពថវិកាដើម្បីគូសគំនូសចរាចរណ៍ និងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប៕