(ស្វាយរៀង)៖ មានជនសង្ស័យ៣នាក់ ជិះរថយន្តមិនស្គាល់ម៉ាក បានមកឈប់មុខហាងសាឡនកក់សក់ រួចនាំគ្នាដាក់ថ្នាំសណ្ដំយកលុយ និងទ្រព្យសម្បត្តិអស់មួយចំនួនធំ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅចំណុចហាងផាន់ណាសាឡន ក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងរងគ្រោះមានឈ្មោះកុយ សុផាណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរម្ចាស់ហាងផាន់ណាសាឡន រស់នៅភូមិកើតហេតុនេះ។ សម្ភារដែលបាត់បង់រួមមាន ប្រាក់ដុល្លារចំនួន១៧.៥០០ដុល្លារ ចិញ្ជៀនផ្លាទីនចំនួន២វង់ ទម្ងន់៦ហ៊ុន ខ្សែដៃកូនផ្លាទីនចំនួន១ជីកន្លះ និងក្រវិលមាសទំហំ១ហ៊ុន។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ មានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៣នាក់ បានជិះរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងមកចូលហាងរបស់ខ្លួន ដោយប្រាប់មកកក់សក់។ បន្ទាប់មកជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់នោះ បានសុំឱ្យកក់សាប៊ូរបស់ខ្លួន ដែលយកមកជាមួយ ហើយបានចាក់ដាក់បាតដៃឱ្យហិត រួចក្រុមជនសង្ស័យក៏ប្រាប់រូបខ្លួនថា ឱ្យទៅយកលុយមកដូរ ខណៈនោះខ្លួនបានត្រូវថ្នាំសណ្ដំ វង្វេងស្មារតីក៏ដើរចូលក្នុងផ្ទះចាក់សោយកលុយទាំងអស់ ទើបតែដកពីធនាគារ ABA កាលពីថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២ ឱ្យពួកគេទាំងអស់។

ក្រោយពីបានលុយ និងគ្រឿងអលង្ការហើយ ក្រុមជនសង្ស័យបានបើករថយន្តចេញពីហាងបាត់ ទើបគាត់បានដឹងខ្លួនវិញ និងផ្អើលឆោឡោឡើងតែម្ដង។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយមកម្ចាស់ហាងរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ព្រោះមានអាការៈខុសធម្មតារវើរវាយក្រោយត្រូវថ្នាំសណ្ដំរបស់ក្រុមជនសង្ស័យ។
សមត្ថកិច្ចមូលដ្ឋានកំពុងធ្វើកំណត់ហេតុ និងសាកសួរម្ចាស់ហាងដើម្បីស្រាវជ្រាវស្វែងរកជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់៕