(ស្វាយរៀង)៖ ផ្លូវលំ៣ខ្សែ ប្រវែង៣,៤៥០ម៉ែត្រ ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានជួសជុល និងពង្រីកក្រាលថ្មម៉ិចឡើងវិញ ដើម្បីសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវនេះ ដែលកន្លងមកមានស្នើសុំពីពលរដ្ឋឲ្យអាជ្ញាធរធ្វើការជួសជុល និងកែរលម្អផងដែរ។

លោក សាញ់ សាខុន ចៅសង្កាត់បាវិត នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសំណូមពររបស់ប្រជាពលរដ្ឋ រដ្ឋបាលសង្កាត់បាវិត បានធ្វើការជួសជុល និងពង្រីកក្រាលថ្មមុិចឡើងវិញដើម្បីងាយស្រួលធ្វើដំណើរផ្លូវលំចំនួន៣ខ្សែប្រវែង៣,៤៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិ គឺភូមិតាពៅ១ខ្សែ និងភូមិបាវិតកណ្តាល ចំនួន២ខ្សែ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។

លោកចៅសង្កាត់បាវិត បានឲ្យដឹងថា ចំពោះថវិកាក្នុងការជួសជុលនេះ ជាថវិការបស់សប្បុរសនានាទាំងទីជិត ទីឆ្ងាយចូលទៅតាមលទ្ធភាពដោយមានការអំពាវនាវពីសំណាក់លោកអភិបាលក្រុង នាពេលកន្លងមក ពីព្រោះថាផ្លូវទាំង៣ខ្សែនេះ មានសភាពតូចចង្អៀត និងខូចខាតច្រើនហើយនៅរដូវវស្សា ស្ថានភាពផ្លូវ គឺមានទឹកដក់ និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងបីនេះ ជាពិសេសគឺនៅពេលប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារតែងតែជួបការលំបាកក្នុងការធ្វើដំណើរ។

លោកបន្ថែមថា សម្រាប់ការពង្រីក និងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវទាំង៣ខ្សែនេះឡើងវិញផងដែរ ជាពិសេសផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។ នៅពេលផ្លូវនេះបានជួសជុលរួចហើយនោះ សូមឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃមិនថានៅទីក្រុង ឬជនបទនោះឡើយ។

ម៉្យាងទៀត ក៏សូមសំណូមពរ និងស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយ។

ដោយឡែកប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ ដែលធ្វើការកែលម្អ ជួសជុលផ្លូវទាំងអស់នៅមូលដ្ឋានឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរដោយមិនព្រងើយ កន្តើយទុកឲ្យប្រជាពលរដ្ឋជួបការលំបាកនោះឡើយ សំខាន់ដោះស្រាយបញ្ហាប្រឈម និងទុក្ខលំបាករបស់ប្រជាជននៅមូលដ្ឋានឲ្យបានល្អប្រសើរ៕