(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងការប្រកាសលទ្ធផលស្រាវជ្រាវពីការយល់ដឹង ការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនទូទៅ ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។
ដោយក្រុមការងារស្រាវជ្រាវ ដែលមានការចូលរួមពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលនៃប្រទេសកម្ពុជា និងសាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី និងទទួលការឧបត្ថម្ភថវិកាពីអង្គការ Foundation for Innovative New Diagnostics (FIND) បានការរកឃើញលទ្ធផលសំខាន់ៗ មួយចំនួនពីការយល់ដឹងការប្រើប្រាស់ តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនទូទៅ។
លទ្ធផលទាំងនោះរួមមាន៖
១៖ ៣០% នៃអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនទូទៅ ក្នុងទីក្រុងភ្នំពេញ បានឆ្លងកាត់ការធ្វើតេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ ក្នុងរយៈពេល ៦ ខែកន្លងមក។
២៖ មានតែ២០% នៃអ្នកចូលរួមការសិក្សា ដែលធ្លាប់ទិញតេស្តរហ័ស អង់ទីហ្សែន រកជំងឺ កូវីដ-១៩ ដែលយល់ថា តេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ មានតម្លៃថោក។
៣៖ អ្នកចូលរួមការសិក្សាប្រហែលជា ពី៤០-៥០% ទទួលបានតេស្តរហ័ស អង់ទីហ្សែន រកជំងឺ កូវីដ-១៩ ដោយមិនបង់ប្រាក់កម្រៃ ពីកន្លែងធ្វើការរបស់គាត់។
៤៖ អ្នកចូលរួមការសិក្សាប្រហែលជា ពី៤០-៥០% ឆ្លើយថាពួកគាត់នឹងស្វែងរកប្រឹក្សាពីជំហ៊ានបន្ទាប់ពីបុគ្គលិកសុខាភិបាលតាមមន្ទីរពេទ្យរដ្ឋ ប្រសិនបើពួកគាត់បានទទួលលទ្ធផល វិជ្ជមាន ពីតេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ របស់ពួកគាត់។
៥៖តម្លៃថោក និងការណែនាំពីឱសថការី ជាកត្តាចំបង ពីរ ដែលជម្រុញការជ្រើសរើសតេស្តរហ័ស អង់ទីហ្សែន រកជំងឺកូវីដ-១៩ បើយោងតាមចម្លើយផ្តល់ដោយ អ្នកចូលរួមការសិក្សារបស់យើង។
ថ្លែងក្នុងសិក្ខាសាលានោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា «លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់ក្រសួងសុខាភិបាល ក្នុងការបង្កើតជាយុទ្ធសាស្ត្រ ដើម្បីធ្វើឲ្យការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាយើងកាន់តែប្រសើរឡើង និងកាន់តែទូលំទូលាយ ហើយសមស្រប និងត្រឹមត្រូវតាមបទនិយាមស្តង់ដាររបស់តេស្តរហ័ស»។
លោករដ្ឋមន្រ្តី ក៏បានបង្ហាញអំពីជ័យជំនះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញវិធានការផ្សេងៗទាន់ពេលវេលា និងមានប្រសិទ្ធភាព រហូតយើងអាចបើកប្រទេសឡើងវិញទាំងស្រុងស្តារបានឡើងវិញនូវខឿនសេដ្ឋកិច្ចជាតិ ទទួលបានការកោតសរសើរពីអន្តរជាតិ និងជាពិសេសទទួលបានការគាំទ្រ និងជឿជាក់ លើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ពីសំណាក់ប្រជាពលរដ្ឋយើង។
លោករដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុតពីការចំលងនៃវីរុសកូវីដ១៩ របស់ Nikkei (COVID-19 Recovery Index) និងក្នុងបួនខែជាប់ៗគ្នាចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ជាប្រទេសងើបឡើងវិញល្អ ក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេទាំងដប់នៅលើពិភពលោក។
តាមការគូសបញ្ជាក់របស់លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឱ្យដឹងថា ក្រៅពីការសិក្សាស្រាវជ្រាវ ស្តីពី ការយល់ដឹងពីការប្រើប្រាស់តេស្តរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៏បានចូលរួម ក្នុងសកម្មភាព ចំនួន២ផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងការវាយតម្លៃគុណភាពខាងក្រៅនៃការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ (Quality Control/Quality Assurance) និងការប្រើប្រាស់បច្ចេកវិទ្យា Oxford Nanopore (ONT) ដើម្បីធ្វើ sequencing រកមេរោគ SARS-CoV-2 និងមេរោគផ្សេងៗទៀត ដោយសហការជាមួយ អ្នកវិទ្យាសាស្ត្រ និងបច្ចេកទេសមន្ទីរពិសោធន៍ មកពី Doherty Institute for Infection and Immunity របស់ប្រទេសអូស្ត្រាលី។
គម្រោងសិក្សានេះ មានរយៈពេល ១១ខែ និងមានគោលបំណងគោលបំណងប៉ាន់ប្រមាណ កំរិតប្រើប្រាស់តេស្ដរហ័សរកជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ កំណត់រកកត្តារាំងស្ទះ និង កត្តាជំរុញ ក្នុងការការស្វែងរក និងប្រើប្រាស់តេស្ដរហ័សរកជំងឺកូវីដ-១៩ ក្នុងចំណោម អ្នករស់នៅជាមួយមេរោគអេដស៍ ក៏ដូចជាប្រជាជនទូទៅ ក្នុងប្រជាជនកម្ពុជា។
ការប្រមូលទិន្នន័យនៃការអង្កេតបែបគុណភាពបានចាប់ផ្តើមចាប់ក្នុង ខែកក្កដា ឆ្នាំ២០២២ រីឯ ការប្រមូលទិន្នន័យនៃការអង្កេតបែបបរិមាណ បានចាប់ផ្តើមក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យ/គ្លីនិក ដែលមានសេវាព្យាបាលជំងឺអេដស៍ ចំនួន ៥កន្លែង និងតាមភូមិចំនួន ១០ ភូមិ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ទួលគោក ៧មករា ចំការមន ច្បារអំពៅ មានជ័យ ជ្រោយចង្វារ ព្រែកព្នៅ និងឬស្សីកែវ នៃរាជធានីភ្នំពេញ។ អ្នកផ្ទុកមេរោគអេដស៍ចំនួន ២៨០ នាក់ និងប្រជាជនទូទៅចំនួន ២៨០ នាក់ ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងការអង្កេតបែបបរិមាណ៕