(ត្បូងឃ្មុំ)៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំសន្និសីទជាតិលើកទី២ ស្តីពីការផ្តល់មូលនិធិគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សា៖ ឆ្ពោះទៅអភិបាលកិច្ចហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពក្នុងសាកលវិទ្យាល័យនៅកម្ពុជា។
ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ អេស៊ាន អិលប៊ីអិន ខេត្តកំពង់ចាម នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាមកពីប្រទេសអេស៉្បាញ អ៉ីតាលី និងគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ចំនួន ២០ ដែលមានអ្នកចូលរួមចំនួន៩០នាក់។
គម្រោង Balance ទទួលមូលនិធិពីសហគមន៍អឺរ៉ុប ដែលមានគោលបំណងសំខាន់គឺពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងគណនេយ្យភាព និងបង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំង១១ ក្នុងគម្រោងដែលគាំទ្រដោយសហគមន៍អឺរ៉ុប។
ជាមួយគ្នានេះដែរគម្រោងនេះ បានចូលរួមចែករំលែកបទពិសោធន៍នានាពីការគ្រប់គ្រងហិរញ្ញវត្ថុតាមសាកលវិទ្យាល័យសាធារណៈទាំងអស់ ក្នុងគម្រោងជាធាតុចូលដ៏មានសារៈសំខាន់ក្នុងការចងក្រងជាគោលការណ៍ ឬគោលនយោបាយសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុក្រោយពីគម្រោងបានបញ្ចប់ និងធានានិរន្តភាពនៃគម្រោង និងជាធាតុចូលសម្រាប់ការកែតម្រូវការគ្រប់គ្រងហិរញ្ញវត្ថុតាមគ្រឹះស្ថានឧត្តមសិក្សាទាំងគ្រឹះស្ថានសាធារណៈ និងឯកជនដទៃទៀតដែលស្ថិតនៅក្រៅគម្រោង ដែលជាការរួមចំណែកក្នុងការកែទម្រង់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រសួងអប់រំ យុវជន និងកីឡា និង រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត ហើយចូលរួមកាត់បន្ថយការចំណាយផ្នែកហិរញ្ញវត្ថុដែលមិនចាំបាច់ និងចូលរួមសម្រេចគោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជានាឆ្នាំ២០៣០។
សន្និសីទជាតិលើកទី២នេះ មានសារៈសំខាន់សម្រាប់ការចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្រិតឧត្តមសិក្សា និងការប្រមូលធាតុចូលបន្ថែមទៀត ក្នុងការកែតម្រូវគោលការណ៍ការគ្រប់គ្រងហិរញ្ញវត្ថុ (White Paper) ចុងក្រោយសម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងសម្រាប់ការប្រើប្រាស់តាមស្ថាប័ននានា។ សន្និសីទជាតិលើកទីពីរនេះ នឹងជួយឲ្យគ្រឹះស្ថានឧត្តមសិក្សា មានលទ្ធភាពធ្វើទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីធានាបាននូវរបាយការណ៍ហិរញ្ញវត្ថុមួយដែលព័ត័មាន និងទិន្នន័យមានសុច្ចរិតភាពគួរឲ្យទុកចិត្តបាន មានតម្លាភាព មានគណនេយ្យភាព និងទាន់ពេលវេលាផងដែរ៕