(ស្វាយរៀង)៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗក្នុងភ្នក់ភ្លើង ព្រមទាំងរថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានឆេះបំផ្លាញ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖១០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងភូមិស្វាយក្ងោរ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានឲ្យដឹងថា ក្នុងករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ កម្លាំងអាវុធហត្ថ បានសហការជាមួយកម្លាំងនគរបាល និងកម្លាំងផ្នែកសឹករងស្រុកប្រើបា្រស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះមានរថយន្តអាវុធហត្ថ១គ្រឿង នគរបាល៤គ្រឿង បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនៅផ្ទះ ដែលម្ចាស់ឈ្មោះ កៅ យាន អាយ៧០ឆ្នាំ បានស្លាប់នៅក្នុងភ្នក់ភ្លើង។
សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារខូចខាតរួមមាន ផ្ទះ១ខ្នងទំហំ ៧មx៩ម ដំបូលក្បឿងថ្មក្រោមរថយន្តសាំយ៉ុង១គ្រឿង, ប្លង់ដី១៥ប្លង់, បា្រក់ ១ ០០០ ០០០រៀល, ដុល្លារ១០០០ដុល្លារ, ទូដាក់ខោអាវ ៤, អត្តសញ្ញាណបណ្ណ, គ្រែ៥, សាឡុង១ឈុត និងសម្ភារប្រើបា្រស់មួយចំនួនទៀត។ សមត្ថកិច្ចបានបន្តថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះឡើងដោយសារឆ្លងចរន្តអគ្គិសនី។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលហេតុនេះឡើង មានសំឡេងផ្ទុះចេញពីក្នុងផ្ទះកើតហេតុ និងមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ នឹងទើបដឹងថា មានបុរសចំណាស់ម្នាក់បានជាប់នៅក្នុងផ្ទះតែម្នាក់ឯង ខណៈនោះ ពលរដ្ឋបានស្រែកឆោរឡាវប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដើម្បីយករថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់ តែជាអកុសលខណៈភ្លើងរលត់ បុរសចំណាស់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕