(អារ៉ាប៊ីសាអ៊ូឌីត)៖ ព្រះអង្គម្ចាស់ មហាំម៉ាត់ ពិនសាល់ម៉ាន អាល់សាអ៊ូឌ រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បានប្រទានព្រះរាជសារ ថ្លែងអំណរគុណដល់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងនាមលោកជាបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលបានថ្វាយព្រះរាជសារអបអរសាទរព្រះអង្គ ក្នុងឱកាសដែលព្រះអង្គត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។
ព្រះរាជសារលិខិតថ្លែងអំណរគុណខាងលើត្រូវបានព្រះអង្គម្ចាស់ មហាំម៉ាត់ ពិនសាល់ម៉ាន អាល់សាអ៊ូឌ ប្រទានជូនដល់លោកបណ្ឌិត អូស្មាន ហាស្សាន់ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
សូមជម្រាបថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសចំនួន៥៧ ដែលជាសមាជិករបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) ជាអង្គការធំទី២ លើពិភពលោក បន្ទាប់ពីអង្គការសហប្រជាជាតិ (UN)។អារ៉ាប៊ីសាអូឌីត ក៏ជាសមាជិក ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលជាប្រទេសសម្ព័ន្ធភាពនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសមជ្ឈិមបូព៌ាចំនួន ៦ប្រទេស។ ហេីយក៏ជាប្រទេសមួយក្នុងចំណោមសម្ព័ន្ធអារ៉ាប់ ដែលមាន ២២ ប្រទេស។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាផងដែរ ដោយកន្លងមកប្រទេសនេះ ក៏តែងតែបញ្ជូនគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជាជារឿយៗ។ អារ៉ាប៊ីសាអ៊ូឌីត ក៏មានស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ដែលបច្ចុប្បន្នមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយនាពេលខាងមុខនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏នឹងរៀបចំស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ឲ្យមាននិវេសនដ្ឋាននៅទីក្រុងភ្នំពេញផងដែរ។
អារ៉ាប៊ីសាអ៊ូឌីត ក៏ជាប្រទេសមួយដែលតែងតែផ្តល់ជំនួយមនុស្សធម៌ កសាងសាលារៀនរៀន វិហារឥស្លាម សូរ៉ាវ និងផ្តល់អាហារូបករណ៍ជាច្រើនកន្លែង សម្រាប់និស្សិតមុស្លិមកម្ពុជា ដែលជាការចូលរួមយ៉ាងធំធេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការអភិវឌ្ឍហគមន៍ឥស្លាមកម្ពុជា។ សម្រាប់ការធ្វើបុណ្យធម្មយាត្រានៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីតវិញ រដ្ឋាភិបាលប្រទេសនេះ ក៏បានសម្រួលដល់កម្ពុជា ដោយផ្ដល់ឲ្យក្រុមអ្នកធ្វើធម្មយាត្រាកម្ពុជា ដោយមិនគិតពីកូតាឡើយ ដោយសារកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម ខកខានមិនបានទៅរាប់សិបឆ្នាំ៕