(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា មរណភាពរបស់លោក សាយ ភូថង សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា គឺជាការបាត់បង់មេដឹកនាំ ដ៏សំខាន់ម្នាក់របស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបញ្ជាក់លើ Facebook របស់សម្តេចនៅព្រលប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីការទទួល មរណភាពរបស់លោក សាយ ភូថង តែប៉ុន្មាននាទីថា «លោកអុំ សាយ ភូថង គឺជាឥស្សរៈជនដឹកនាំដ៏សំខាន់ម្នាក់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ និង បូជាគ្រប់យ៉ាងក្នុងការចូលរួមរំដោះប្រទេសពីរបបខ្មែរក្រហម។ គួរឲ្យសោកស្តាយខ្លាំងបំផុត ដែលលោកអុំ សាយ ភូថង បានទទួលមរណភាពនៅថ្ងៃនេះ ដោយរោគាពាធក្នុងជន្មាយុ ៩៦ឆ្នាំ នៅទីក្រុងបាងកក»។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តថា «នេះគឺជាការបាត់បង់នូវមេដឹកនាំដ៏សំខាន់បំផុតម្នាក់របស់កម្ពុជា។ គុណបំណាច់ និងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ លោកអុំ សាយ ភូថង ចំពោះជាតិមាតុភូមិ គឺយើងទាំអស់គ្នាចងចាំជានិច្ច។ ខ្ញុំនឹកឃើញគ្រប់ស្ថានភាព និងគ្រប់កិច្ចការទាំងអស់ដែលយើងបានរួមគ្នាធ្វើដើម្បីការរស់រាន និងការរីកចំរើនរបស់ជាតិ។ នឹកឃើញដល់ការស្រឡាញ់របស់អុំចំពោះខ្ញុំ និងកូនៗខ្ញុំនៅពេលពួកគេនៅជាកុមារ»។
សម្តេចតេជោ បានបន្ថែមថា ក្នុងនាមសម្តេចផ្ទាល់ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក សាយ ភូថង បានសោយសុខក្នុងសុគតិភពកុំបីខាន៕
សូមបញ្ជាក់ថា លោក សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពនៅម៉ោង៥៖០៦នាទីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ក្នុងជន្មាយុ ៩៦ឆ្នាំ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ។ កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំក្រុមគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទៅសួរសុខទុក្ខផងដែរ៕