(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុពេលកំពុងជិះម៉ូតូតាមដងផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង១ថ្ងៃត្រង់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅតាមបណ្ដោយផ្លូវ១០១១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ជំហានដំបូងពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JG-4729 តាមបណ្ដោយផ្លូវ១០១១ ស្រាប់តែមានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជិះរថយន្ដមួយគ្រឿង មិនចាំម៉ាកបានដកកាំភ្លើងបាញ់បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។ ក្រោយកើតហេតុខ្មាន់កាំភ្លើងបានបើករថយន្ដគេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងពិនិត្យកន្លែងកើតហេតុ។ សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕