(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ បានឱ្យដឹងថា កងប្រតិបត្តិការរុក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលតូចលេខ៧០ បានត្រៀមខ្លួន និងត្រៀមសម្ភាររួចជាស្រេច ក្នុងបេសកកម្មប្រតិបត្តិការសង្គ្រោះគ្រោះហមន្តរាយដែលកើតឡើងជាយថាហេតុនានា តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ នៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយបញ្ចប់ពិធីទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្រោមវត្តមានទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានឱ្យដឹងថា សម្រាប់កងប្រតិបត្តិការរុក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ មកម្ល៉េះ បន្ទាប់ពីធ្វើសកម្មភាពសង្គ្រោះលើផ្នែកពន្លត់អគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ បាក់អគារ ជួយសង្គ្រោះជនរងគ្រោះពីល្អាងភ្នំ ជាដើម។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបន្តថា ក្រោយពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំបង្កើតឱ្យមានកងប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ រហូតដល់១៦កង ដូច្នេះ ហើយកងប្រតិបត្តិការរុក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ក៏ត្រូវបានដាក់បញ្ចូលក្នុងកងប្រតិបត្តិការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនានា។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានបញ្ជាក់ថា កងប្រតិបត្តិការរុក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ទទួលបានការបណ្តោះបណ្តាលធនធានមនុស្ស និងសម្ភារនានាពីអង្គការ JPR របស់ប្រទេសជប៉ុន ដោយបានទទួលការបង្ហាត់បង្រៀននូវជំនាញផ្នែកសង្គ្រោះបន្ទាន់និងផ្នែកពន្លត់អគ្គីភ័យ ពីសំណាក់ គ្រូជនជាតិជប៉ុន ដូចជា ក្នុងករណីរថយន្ដបុក រថយន្ដ គ្រោះអគ្គិភ័យ និងការជួយសង្គ្រោះជនរងគ្រោះ តាមរយៈឧទ្ធម្គាគចក្រ ជាដើម។

គួររំលឹកថា កន្លងមកក្រុមសង្រ្គោះបន្ទាន់៧១១ ទទួលបានរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ សម្ភារជាច្រើនមុខ សំរាប់បំរើការសង្គ្រោះ និងសម្រាប់បម្រើការប្រតិបត្តិការពន្លត់អគ្គីភ័យ និងជួយបណ្តោះបណ្តាលជំនាញទាំងពីរខាងលើបានជា ច្រើនវគ្គរួចមកហើយ៕