(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស បានជំរុញឲ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការស្ថាបនាលូ និងផ្លូវត្រូវគោរពតាមស្តង់ដារ នៅក្នុងសៀវភៅ តាមដានការដ្ឋាន ហើយលោកបានសុំការអធ្យាស្រ័យ ពីប្រជាពលរដ្ឋ និងសូមឲ្យប្រជាពលរដ្ឋ ជួយពិនិត្យមើល និងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំណុចអសកម្មផងដែរ។

ការថ្លែងរបស់លោក កៀង ល័ក្ស ធ្វើឡើងក្នុងពិធីបើកការដា្ឋន អនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

អភិបាលខណ្ឌចំការមន ក៏បានជំរុញឲ្យក្រុមហ៊ុន ដែលទទួលបានគម្រោងស្ថាបនា ត្រូវខិតខំរក្សា ឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។

លោក កៀង ល័ក្ស បានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលម៉ៅការផងដែរ ពីព្រោះប្រជាពលរដ្ឋ គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ ក្រុមហ៊ុនខុសពីកិច្ចសន្យា ត្រូវរាយការណ៍ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់។

អភិបាលខណ្ឌចំការមន ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមទីតាំង បើកការដ្ឋានមានការយោគយល់ ខណៈគម្រោងដំណើរការនាំអោយមានការរំខាន ដល់ការប្រកបអាជីវកម្មរឺការធ្វើដំណើរចេញចូលផ្ទះជាដើម។

លោកអភិបាលខណ្ឌចំការមន បានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបន្តបេសកកម្មធ្វើឱ្យកម្ពុជា អាចរំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេសគឺការសម្រេចបាននូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាពដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោង ជាអាទិភាពរួមមានការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តាលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។

បើតាមរបាយការណ៍របស់លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានអោយដឹងថា សម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទន្លេបាសាក់ បានលើកគម្រោងមានដូចខាងក្រោម៖

*ដាក់លូដោះទឹក ទំហំ ០,៦ម៉ែត្រ ប្រវែង ៣៥៤ម៉ែត្រ លើកំណាត់ផ្លូវលេខ២១ ចាប់កែងផ្លូវលេខ ៣០៨ ដល់កែងផ្លូវលេខ២៩៤ ក្នុងភូមិ៥ និងនៅច្រកផ្លូវសុធារស ចាប់ពីកែងផ្លូវសុធារស ដល់ កែងផ្លូវលេខ២១ ក្នុងភូមិ៧។
*ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង១,០៦២ ម៉ែត្រ ទទឹង៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លើកំណាត់ផ្លូវលេខ២១ ចាប់ពីមុខផ្ទះលោក អៀង សារី ក្នុងភូមិ៧ រហូតដល់កែងផ្លូវលេខ៣១២ក្នុងភូមិ៥ ដែលត្រូវចំណាយថវិកាសរុបចំនួន ២៨៦,៧៤០,០០០ រៀល៕