(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជំរុញឲ្យសមត្ថកិច្ច មន្រ្តីជំនាញ បង្ក្រាប ទប់ស្កាត់ការនេសាទខុសច្បាប់ និងបទល្មើសតាមមូលដ្ឋាន

លោក ងួន រតនៈ។ ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកបានជំរុញការធ្វើអត្តសញ្ញាណបណ្ណជូនបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន និងសូមយកចិត្តទុកដាក់បន្ថែមទៀត ក្នុងកិច្ចការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ចំពោះបទបញ្ជាបទល្មើសនេសាទផ្សេងៗនៅតាមគោលដៅ មន្ត្រីជំនាញទាំងអស់ត្រូវតែចុះ បង្ក្រាប និងមានវិធានការជាបន្ទាន់ ដើម្បីការទប់ស្កាត់ ហើយផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការបើកនេសាទឱ្យប្រជានេសាទនេសាទ ដោយប្រើឧបករណ៍ស្របច្បាប់ និងគោរពទៅតាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់បន្ថែមរបស់លោកអភិបាលខេត្ត។

លោកក៏បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន និងជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋដោយមិនមានការរើសអើង និងយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅ ប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច៕