(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកទូកនេសាទចំនួន២២គ្រឿង និងប្រគល់ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋ ២៣គ្រួសារ ដែលជាអំណោយរបស់មូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានបង្ហាញនូវក្ដីសោមនោស្សរីករាយក្រៃលែងដោយថ្ងៃនេះ ក្រុមការងារបាននាំនូវអំណោយមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលតែងតែបានជួយឧបត្ថម្ភ និងគាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនាពេលកន្លងមក។

ជាក់ស្តែងពេលនេះ មូលនិធិក៏បានចែកទូកនេសាទចំនួន ២២គ្រឿង និងប្រគល់ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋ២៣គ្រួសារ ដែលមកពីភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង និងភូមិទួលគគីរ ឃុំទួលគគីរ ភូមិវង់កាថាក់ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ សម្រាប់ប្រកបរបរនេសាទ ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ចំពោះផ្ទះ ១ខ្នង ដែលបានឧបត្ថម្ភដល់គ្រួសារទីទាល់ក្រ គឺផ្តល់ឲ្យគាត់មានលំនៅដ្ឋានសមរម្យសម្រាប់រស់នៅ។

លោកស្រីអភិបាលខេត្ត បានបន្តថា ដើម្បីសន្តិភាព ស្ថេរភាព សុខសុវត្ថិភាព និងការអភិវឌ្ឍឲ្យភាពរីកចម្រើនទៅថ្ងៃអនាគត់ និងមានការជឿជាក់ក្នុងការដឹងនាំប្រទេសដែល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សូមប្រជាពលរដ្ឋកុំភ្លេចអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ពីពេលនេះតទៅ ទើបមានសិទ្ធិបោះឆ្នោត។

មួយវិញទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលនៅជិតបំផុតកុំឲ្យឆ្លងចូលក្នុងក្រុមគ្រួសារ និងឆ្លងចូលក្នុងសហគមន៍ ហើយកុំភ្លេចអនុវត្ត៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕