(កោះកុង)៖ លោកស្រី មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនខេត្តកោះកុង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញប្រកាសបញ្ចូលយុវជនស្ម័គ្រចិត្តជាសមាជិក ស.ស.យ.ក ថ្មី ដែលនាំឲ្យសមាជិកទាំងថ្មីទាំងចាស់កើនដល់២៥០០នាក់។ ពិធីនេះបានរៀបចំឡើងនៅសាលកាកបាតក្រហមកម្ពុជាខេត្តកោះកុង។

លោកស្រី មិថុនា ភូថង បានថា លោកស្រីមានសេចក្តីសោមនោស្សរីករាយក្រៃលែង កោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខំប្រឹងប្រែងរបស់មហាគ្រួសារ ស.ស.យ.ក ក្រុងខេមរភូមិន្ទទាំងអស់ ដែលបានសម្រេចបាននូវលទ្ធផល គួរជាទីមោទនៈសម្រាប់ក្រុងក៏ដូចជាសង្គមជាតិទាំងមូល។

លោកស្រីថា «ស្នាដៃ និងសមិទ្ធផលរបស់ ស.ស.យ.ក ក្រុងខេមរភូមិន្ទទាំងអស់នេះ បានកើតចេញពីការខិតខំប្រឹងប្រែងដោយកម្លាំងសាមគ្គីភាពប្រទាក់ក្រឡាគ្នា និងឯកភាពផ្ទៃក្នុង ក្រោមស្មារតី និងបុព្វហេតុរួមគ្នា របស់ ស.ស.យ.ក ទាំងនៅថ្នាក់ខេត្ត និងនៅតាមមូលដ្ឋាន (ឃុំ/សង្កាត់)»។

បើទោះបីជា ស.ស.យ.ក ក្រុងជួបបញ្ហាប្រឈមមួយចំនួនក្តី ក៏យើងទាំងអស់គ្នាព្យាយាមដោះស្រាយជាបណ្តើរៗក្រោមពាក្យស្លោក «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ដែលសកម្មភាពទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ការអនុវត្តការងារមនុស្សធម៌ និងកិច្ចការងារសង្គមរបស់ ស.ស.យ.ក ខេត្ត បានទទួលការគាំទ្រ និងពេញចិត្តពេញថ្លើមពីសំណាក់មហាជន ពិសេសទៅទៀតនោះគឺស្រទាប់យុវជន។ លោកស្រីអភិបាលខេត្តបានបន្ថែម។

លោកស្រីបានបន្ថែមថា «ស.ស. យ.ក. ក៏បានផ្ដល់ឱកាសឱ្យយុវជន អាចចូលរួមក្នុងសកម្មភាពសង្គម ផ្ដល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍខ្លួន ទាំងផ្នែកកាយសម្បទា ចំណេះដឹង និងស្មារតី ការផ្ដល់ឱកាសដល់យុវជន ក្នុងការបង្ហាញផ្លូវ សម្រាប់យុវជន អាចក្លាយជាធនធានដ៏សំខាន់នាពេលអនាគត និងជំរុញឲ្យយុវជនចូលរួមក្នុងការងារសង្គម ជាជាងទម្លាក់កំហុសលើសង្គម ជាពិសេសទាក់ទាញយុវជនឱ្យយល់ និងគាំទ្រដល់គោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។

លោកស្រី បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្តកោះកុង លោកស្រីគាំទ្រយ៉ាងពេញទំហឹងនូវសកម្មភាពរបស់ ស.ស. យ.ក ខេត្ត ក្រុង-ស្រុក និងការអនុវត្តនូវសកម្មភាពស្របតាមសសរស្ដម្ភទាំង៩ខាងលើ និងសូមអំពាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសរដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរ-អង្គភាពនានា វិស័យឯកជន និងសប្បុរសជននានា ជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់ ស.ស.យ.ក.ក្រុង ក៏ដើម្បីមានលទ្ធភាពអាចធ្វើសកម្មភាពជួយសម្រួល ដល់អាជ្ញាធរមូលដ្ឋានក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត៕