(ភ្នំពេញ)៖ សួន ឧស្សាហកម្ម កាណាស៊ីធី វិនិយោគ ប្រកាសស្វែងរកលោក KIM SUNGHYAN ភេទប្រុស សញ្ជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ៖ M93469694 មានតួនាទីជាប្រធានក្រុមហ៊ុនរោងចក្រកាត់ដេរ និងវាយនភ័ណ្ឌ សា ហាន់ អ៉ីនធើណេសិនណល (ខេមបូឌា) ដែលបានបាត់ខ្លួនមិនដឹងមូលហេតុ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យោងតាមការបញ្ជាក់របស់បុគ្គលិករដ្ឋបាលរបស់ក្រុមហ៊ុន លោក KIM SUNGHYAN បានបាត់ខ្លួនមិនដោយដឹងមូលហេតុ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២»

«លោក KIM SUNGHYAN មិនបានទូទាត់ថ្លៃជួលអគាររោងចក្រប្រចាំខែឱ្យភាគីយើងខ្ញុំ ចាប់តាំងពីអំឡុងខែ សីហា ឆ្នាំ២០២២ មករហូតដល់បច្ចុប្បន្ននេះ។ អវត្តមាន ឬការបាត់ខ្លួនរបស់ លោក KIM SUNGHYAN ជាប្រធានក្រុមហ៊ុនបានបង្កជាផលវិបាកជាច្រើនដូចជា៖ ដំណើរការសកម្មភាពអាជីវកម្ម និងការសម្រេចចិត្តផ្សេងៗរបស់ក្រុមហ៊ុន សា ហាន់ អ៉ីនធើណេសិនណល (ខេមបូឌា) ត្រូវបានជាប់គាំងទាំងស្រុង ការខកខានមិនបានបង់ថ្លៃឈ្នួលឱ្យភាគី យើងខ្ញុំជាម្ចាស់អគាររោងចក្រ ព្រមទាំងបង្កឱ្យមានបាតុភាពសកម្មភាពទាមទារផ្សេងៗ ពីកម្មករនិយោជិតរបស់ក្រុមហ៊ុនលោក និងបញ្ហាប្រឈមផ្សេងៗទៀត។ល។

«ហេតុដូច្នេះ យើងខ្ញុំ សួន ឧស្សាហកម្ម កាណាស៊ីធី វិនិយោគ សូមប្រកាសស្វែងរក និងអញ្ជើញលោក KIM SUNGHYAN ចូលមកដោះស្រាយបញ្ហាជាប់គាំងប្រតិបត្តិការរបស់ក្រុមហ៊ុន និងធ្វើការទូទាត់ប្រាក់ឈ្នួល ឬបំណុលផ្សេងៗ ចំពោះម្ចាស់បំណុលទាំងអស់ ឱ្យបានលឿនបំផុត ក្នុងរយៈពេលយ៉ាងយូរ ០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បើបានទទួលដំណឹងប្រកាសស្វែងរកនេះហើយ សូមលោក KIM SUNGHYAN ឬសាធារណជន មេត្តាទំនាក់ទំនងមកក្រុមហ៊ុនតាមរយៈទូរសព្ទលេខ៖ ០៩៦ ៤១៩៩ ១៧៨/០៩៨ ៦៤៦ ៣០៤»៕