(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងឲ្យដឹងថា បើតាមការសិក្សារបស់ស្ថាប័នអន្តរជាតិនានា បង្ហាញឲ្យឃើញពីសារសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP = Regional Comprehensive Economic Partnership) ថា ប្រសិនបើប្រទេសជាសមាជិកទាំង១៥ អនុវត្តនូវកិច្ចព្រមព្រៀងនេះពេញលេញនោះ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ៤០ ប៊ីលានដុល្លារ ហើយនឹងជួយកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់បន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បន្តថា សម្រាប់កម្ពុជាវិញ កិច្ចព្រមព្រៀង អាសិបនេះ នឹងជួយរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) បង្កើនការនាំចេញ បង្កើតឱកាសការងារ បង្កើនចំណូលពន្ធ និងការវិនិយោគផងដែរ។

ការថ្លែងលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែ​ន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅទី២ របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ជិតបីឆ្នាំមកនេះ វិបត្តិជំងឺកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំ ដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនវានុវត្តន៍ ដែលកំពុងតែលូតលាស់យ៉ាងរហ័ស ជាពិសេសតំបន់អាស៊ីបូព៌ា ដែលមានសមាហរណកម្មស៊ីជម្រៅ នៅក្នុងខ្សែច្រវាក់តម្លៃសកល និងជាចំណុចតភ្ជាប់ដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចសកលលោក។

សម្តេចបន្តថា «ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗបានបង្ហាញឱ្យឃើញថា ការអនុវត្តនូវអាសិបពេញលេញ នឹងបង្កើនទំហំពាណិជ្ជកម្មប្រមាណ៤០ ប៊ីលានដុល្លារអាមេរិក ធ្វើឱ្យប្រាក់ចំណូលពិត (Real Income) កើនឡើងរហូតដល់ ២.៥ភាគរយបង្កើនសកម្មភាពពាណិជ្ជកម្ម ក្នុងចំណោមសមាជិកអាសិប ១២,៣ភាគរយ និងជួយលើកកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់បន្ថែមទៀត ឱ្យចូលក្នុងក្រុមជនដែលមានជីវភាពរស់នៅកម្រិតមធ្យមផងដែរ សម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ ខណៈដែលអាសិប ត្រូវបានវាយតម្លៃថានឹងបង្កើនប្រាក់ចំណូលសកល រហូតដល់២៦៣ ប៊ីលានដុល្លារអាមេរិក»

សម្តេចតេជោបានបញ្ជាក់ទៀតថា «សម្រាប់កម្ពុជា ការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ២០២២នេះ បានបង្ហាញឱ្យឃើញថាផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជាអាចនឹងកើនឡើងបន្ថែមប្រមាណពី ២ភាគរយ ទៅ៣.៨ភាគរយ ការនាំចេញអាចនឹងមានកំណើនបន្ថែម ក្នុងរង្វង់ប្រមាណពី ៩.៤ភាគរយ ទៅ១៨ភាគរយ ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ ៣.២ភាគរយ ទៅ៦.២ភាគរយ និងដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ ២ភាគរយ ទៅ ៣.៩ភាគរយក្នុងមួយឆ្នាំ ខណៈដែលការវិនិយោគជារួមអាចកើនឡើងប្រមាណ ២៣.៤ភាគរយផងដែរ»

សម្តេចតេជោនាយកបានលើកឡើងថា បើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណង របស់កិច្ចព្រមព្រៀងអាសិប។ ក្រៅពីអាសិប កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិបកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលកម្ពុជា កំពុងបន្តពិនិត្យលទ្ធភាព ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ប្រទេសជាដៃគូផ្សេងៗទៀត។

សូមជម្រាបថា កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ (អាសិប) មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូ ពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើមបង្កើតដំបូងនៅ ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ៕