(ពោធិ៍សាត់)៖ ករណីតូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង យីហោ អ៊ីឈុនហ៊ួយ ដែលសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ទល់មុខច្រកចូលផ្លូវយាយអាន ដែលស្ថិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង នាព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណ:ឥវ៉ាន់ចាបហួយជាច្រើនត្រូវបាត់បង់ និងត្រូវបានជួយសង្គ្រោះបានខ្លះ។

ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា មកពីម្ចាស់តូបមិនសហការចូលរួម តាមរយៈការជូនដំណឹងរបស់អាជ្ញាធរឃុំ ទាក់ទងនឹងស្ថានភាពបាក់ច្រាំងគួរឱ្យព្រួយបារម្មណ៍ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

សូមជម្រាបជូនថា ករណីបាក់ស្រុតដី និងតូបលក់ចាប់ហួយ របស់អាជីវករឈ្មោះ គឹម ឈុនហ៊ួយ ដែលរស់នៅតាមច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មកដល់ពេលនេះ ពុំមាននរណាម្នាក់បាត់បង់ជីវិតនោះទេ។ បច្ចុប្បន្នក្រុមការងារ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បាននឹងកំពុងបន្តជួយអន្តរាគមន៍ រកសម្ភារៈដែលធ្លាក់ចុះចូលស្ទឹង។

តាមការប៉ាន់ប្រម៉ាន អីវ៉ាន់ដែលក្រុមការងារអាចជួយសង្គ្រោះបាន មានប្រមាណ៧០% ដែលក្នុងនោះរួមមាន៖ ស្រាបៀរកំប៉ុង ដប ទឹកក្រូច ភេសជ្ជៈ នំ ចានស្នោរ…។ល។ រួមទាំងចានឆ្នាំង និងរបស់ក្លាស្សេង បាត់បង់ខ្លះ និងនៅសេសសល់មួយចំនួន។

សម្រាប់តូប គឺអាចរើបានស័ង្កសីជញ្ជាំង និងស័ង្កសីដំបូង ដោយឡែកសាបក្រោម​ គឺបាត់ស្រុតទាំងស្រុង៕