Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង ដែលសាងសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង បាត់បង់ និងខួចខាតឥវ៉ាន់ទាំងស្រុង

01-11-2022 21:04

(ពោធិ៍សាត់)៖ តូបលក់ឥវ៉ាន់ចាប់ហួយមួយខ្នង យីហោ អ៊ីឈុនហ៊ួយ ដែលសង់នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ទល់មុខច្រកចូលផ្លូវយាយអាន ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹង ខណ:ឥវ៉ាន់ចាបហួយជាច្រើនត្រូវបាត់បង់ និងខូចខាតទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើង នាព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចមាត់ស្ទឹង ទល់មុខច្រកចូលផ្លូវយាយអាន ដែលស្ថិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពបានឱ្យដឹងថា នៅពេលនេះ គេមិនដឹងពីចំនួននៃការខួចខាតនោះនៅឡើយ ក៏ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋ កំពុងតែសស្រាក់សស្រាំ នាំគ្នាអន្តរាគមន៍ជួយសង្គ្រោះ។

នាពេលកន្លងទៅ រដ្ឋបាលស្រុក សូមជម្រាបជូនដល់សាធារណៈជនថា មួយរយៈនេះស្ថានភាពបាក់ច្រាំងស្ទឹងក្នុងស្រុកកណ្តៀងមានការបាក់ច្រាំងគួរអោយព្រួយបារម្មណ៍។ អាជ្ញាធរស្រុក និងឃុំបានបុកបង្គោល និងដាក់ការ៉ុងខ្សាច់តាមកន្លែងប្រឈមមួយចំនួន ក្នុងនោះរដ្ឋបាលឃុំស្វាយលួង បានធ្វើលិខិតជូនដំណឹងបន្ទាន់មួយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ អោយលោកស្រី គឹម ឈុនហ៊ួយ ត្រូវរុះរើរឥវ៉ាន់ជាបន្ទាន់ចេញពីតូបលក់ ដោយសារច្រាំងស្ទឹងមានស្ថានភាពប្រេះរហែក តែគាត់មិនបានសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរឃុំទេមកដល់ពេលនេះ ដោយគាត់ថាទទួលខុសត្រូវដោយខ្លួនឯង។

ជាអកុសល វេលាម៉ោង៧យប់ នាថ្ងែទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តូបលក់ឥវ៉ាន់របស់គាត់បាន បាក់ចូលក្នុងស្ទឹង អាជ្ញាធរឃុំ កំលាំងសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋ បានកំពុងជួយជញ្ជូនឥវ៉ាន់របស់គាត់ រហូតចប់សព្វគ្រប់វេលាម៉ោង៩គត់ និងពុំមានអ្នកបាត់បង់ជីវិត និងរងគ្រោះឡើយ។ ហេតុការណ៍នេះឋិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង៕