(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ ជាប្រចាំរាល់ខែដោយដាក់ទិសដៅឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឱ្យការងាររបស់ខ្លួនដំណើរការទៅដោយរលូន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

ការជំរុញបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២២ ក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា៖ «ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវរួមគ្នាសហការគ្នា ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើង មានទាំងសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អពិសេស ការពិនិត្យទៅលើមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងសំរាម ថង់ប្លាស្ទិកជាដើម ដោយធ្វើការរាយការណ៍ ក៏ដូចជាអន្តរាគមន៍ ដើម្បីយកសំរាមចេញពីដងផ្លូវនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់»។

អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កន្លងមកនេះ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ទាំងខណ្ឌ ទាំងសង្កាត់ និងមន្ទីរពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបំពេញការងារនេះ មិនថាថ្ងៃ ឬយប់ឡើយ រហូតទទួលបានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ដែលគិតមកពីនេះភាពជោគជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ មានរយៈពេលមួយឆ្នាំគត់។

លោក ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ បន្តបម្រើប្រជាពលរដ្ឋបន្ថែមទៀត ពិសេសការផ្តល់សេវាសង្គម ជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការគោរពស្រឡាញ់ និងជឿទុកចិត្តពីប្រជាពលរដ្ឋ រហូតដល់ពួកគាត់បោះឆ្នោតឱ្យយើង នៅឆ្នាំ២០២៣ ខាងមុខ។ ការផ្តល់សេវានៅទីណាល្អ ទីនោះប្រជាពលរដ្ឋ កាត់បន្ថយបាននូវភាពក្រីក្រ និងកាត់បន្ថយអំពើហិង្សាផងដែរ។ ខណ្ឌ សង្កាត់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបានពន្ទុះច្រើនឈានទៅទទួលបានចំណាត់ថ្នាក់ផ្កាយច្រើន។ លើកកម្ពស់សេវាសង្គមជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងជំរុញឱ្យសង្កាត់ ខណ្ឌជំរុញប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា និងទាន់ពេល។

គួរបញ្ជាក់ថា ចំពោះលទ្ធផលនៃការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមលទ្ធផលដែលក្រសួងមហាផ្ទៃ បានធ្វើការពិនិត្យវាយតម្លៃ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០-២០២១ គឺរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ជើងឯក ចំនួន ២ខណ្ឌ និង២សង្កាត់ រួមមាន៖ រដ្ឋបាលខណ្ឌមានជ័យ ទទួលបានជ័យលាភីជើងឯកលេខ២។

រដ្ឋបាលខណ្ឌកំបូល ទទួលបានជ័យលាភីជើងឯកលេខ៣ រដ្ឋបាលសង្កាត់បឹងកេងកងទី១ ទទួលបានជ័យលាភីជើងឯកលខ១ រដ្ឋបាលសង្កាត់បឹងកេងកងទី២ ទទួលបានជ័យលាភីជើងឯកលេខ៤ (បានប្រគល់ជូនរួចដោយក្រសួងមហាផ្ទៃកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)។

ចំពោះពានរង្វាន់ផ្កាយសេវាសង្គមដែលត្រូវធ្វើពីធីប្រគល់ជូននេះ រួមមាន៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៩ ទទួលបានផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៣ ទទួលបានផ្កាយ២។ ចំណែករដ្ឋបាលសង្កាត់ចំនួន២៨ ទទួលបានផ្កាយ៣ រដ្ឋបាលសង្កាត់ចំនួន១៥ ទទួលបានផ្កាយ២ និងរដ្ឋបាលសង្កាត់ចំនួន៨ទៀត ទទួលបានផ្កាយ១៕