(ព្រះវិហារ)៖ សហគមន៍កសិកម្មចំនួន១១ នៅខេត្តព្រះវិហារ បានចុះកិច្ចសន្យាទិញ-លក់ ដំឡូងមីស្ងួត ជូនក្រុមហ៊ុនហង្សហាវេស អេហ្រ្គីខលឈ័រ លើបរិមាណជាង ៤៥,៩១៥តោន នៅក្នុងឆ្នាំ២០២២នេះ។

ពិធីនេះស្ថិតក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម, ប្រធានមន្ទីរកសិកម្មខេត្ត នាយកក្រុមហ៊ុន លោក លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍ និងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក គីម រិទ្ធី បានថ្លែងដោយសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាប្រចាំឆ្នាំសម្រាប់ការទិញ-លក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មនៅខេត្តព្រះវិហារនាពេលនេះ។

លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រុមការងារក្រុមហ៊ុន SBK និងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ពិសេសមន្ទីរកសិកម្មខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងដើម្បីឱ្យមានកម្មវិធីចុះហត្ថលេខានេះ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានសំដែងនូវក្តីសោមនស្សរីករាយចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគម្រោង ដែលបានសហការយ៉ាងល្អប្រពៃ ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ហើយបានប្រឹងប្រែងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោង ទោះបីជាជួបបញ្ហាប្រឈមពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្តី ក៏បានរួមគ្នាដោះស្រាយការងារសង្គ្រោះបន្ទាន់ ដល់អ្នករងគ្រោះដោយសារវិបត្តិនេះ តាមរយះបង្កើនផលិតកម្មស្បៀងដែលឆាប់ឱ្យផល ដូចជាផលិតកម្មបន្លែ វារីវប្បកម្ម ចិញ្ចឹមត្រី កង្កែប ការចិញ្ចឹមមាន់ ទា ព្រមទាំងផ្តល់ស្រះ អណ្តូង ដែលបានជួយគ្រួសារក្រីក្រអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

លោក គីម រិទ្ធី បានគូសបញ្ជាក់ថា ថ្ងៃនេះយើងបានចុះហត្ថលេខាលើកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មចំនួន១១ លើបរិមាណជាង ៤៥,៩១៥តោន។ ដែលនេះបង្ហាញពីភាពរឹងមាំនៃទីផ្សារដំឡូងមីនៅកម្ពុជា អាចនាំចេញទៅប្រទេសចិន នឹងអាចចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹង ពង្រីកទីផ្សារផលិតផលកសិកម្ម»។

ដើម្បីឱ្យកិច្ចសន្យានេះដំណើរការបានដោយរលូន លោកអភិបាលខេត្តព្រះវិហារ បានណែនាំភាគីទាំងពីរព្យាយាមអនុវត្តឱ្យបានល្អ នូវរាល់លក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យា ជាពិសេសប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ត្រូវពន្យល់ដល់សមាជិកដែលជាផលិតករ ឱ្យបានយល់ច្បាស់នូវរាល់លក្ខខណ្ឌ រួមទាំងបរិមាណ និងគុណភាពដំឡូងមីស្ងួតដែលត្រូវផ្គត់ផ្គង់ជូនក្រុមហ៊ុន៕