(បន្ទាយមានជ័យ)៖ លោក ខេង ស៊ុំម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ មានជីវភាពខ្វះខាត ចាស់ជរាចំនួន២៩៦គ្រួសារ ក្នុងនោះនៅឃុំគោកបល័ង្គ ១៤៦គ្រួសារ ឃុំស្រះរាំង ១៥០គ្រួសារ នៅស្រុកមង្គលបូរី។

ឆ្លៀតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បន្តនាំទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃ ដែលគង់វត្តទាំង២ឃុំផងដែរ។ សម្រាប់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅប្រគល់ជូនរួមមាន៖ អង្ករ ២៥ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១យួរ មី១កេស។

លោក អ៊ុំ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋលំបាកនោះឡើយ។

លោកបានជូនដល់ក្រើនរំឮកដល់អាជ្ញាធរភូមិ ឃុំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អថែមទៀត ខិតខំយកចិត្តទុកដាក់មើលសុខទុក្ខលំបាក ដោះស្រាយជីវភាពខ្វះខាតរបស់ពួកគាត់ឱ្យអស់លទ្ធភាព ដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់លើ និងក្រុមការងារបន្ត។

លោកអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ សូំថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុ ឬមានបញ្ហាខ្វះខាត ជួបទុក្ខលំបាកសូមរាយការណ៍ និងផ្តល់ព័ត៌មាន មកអាជ្ញាធរដែលនៅជិតបំផុត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយឱ្យទាន់ពេលវេលា៕