(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំប្រារព្ធទិវាអនាម័យ បរិស្ថានជាតិ ២៣ វិឆ្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌ កាយរិទ្ធិ ស.ស.យ.ក សិស្សានុសិស្ស និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ជាច្រើនផងដែរ។

ថ្លែងនៅក្នុងទិវាជាតិបរិស្ថាននេះដែរ លោក ធឹម សំអាន ថា ការរៀបចំ និងការចូលរួមទិវាដ៏មានសារៈសំខាន់នាឱកាសនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែក ក្នុងបុព្វហេតុបរិស្ថាន វានឹងក្លាយជាចលករ ដែលជំរុញឱ្យមានការផ្ដើមធ្វើសកម្មភាព មេត្រីបរិស្ថាន រួមចំណែកឱ្យភពផែនដីយើងស្អាត បៃតង និងស្រស់បំព្រង ប្រកបដោយសុខភាព និងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប។

ការរៀបចំទិវាជាតិបរិស្ថាននេះឡើង ក្នុងគោលបំណងធ្វើឱ្យទីសាធារណៈ រដ្ឋបាលខណ្ឌ និងសង្កាត់ នៅតាមដងផ្លូវច្រាំងទន្លេ សួនច្បារ ទីផ្សារ ត្រូវធ្វើអនាម័យសំអាត និងប្រមូលសំរាមជាប្រចាំ ដើម្បីបរិស្ថានបរិសុទ្ធ។ នៅគ្រឹះស្ថានសាធារណៈសាលារៀន វត្តអារាម មន្ទីរពេទ្យ សូមចាត់ចែងធ្វើអនាម័យសម្អាតទាំងក្នុង និងក្រៅបរិវេណអង្គភាពខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម កាកសំណល់រឹងឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ 4Rs សំដៅធានាបរិយាកាសការងារល្អ និងសោភ័ណភាព។

ក៏ដូចគ្នានៅតាមរោងចក្រ សហគ្រាស សិប្បកម្មអាជីវកម្ម ត្រូវធ្វើអនាម័យ សម្អាតទាំងក្នុង និងជុំវិញទីតាំងរបស់ខ្លួន និងត្រូវ អប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូនអំពីការគ្រប់គ្រងសំរាម និងកាកសំណល់រឹង ឱ្យបានត្រឹមត្រូវ។ ជាពិសេសតាមរមណីយដ្ឋាន មណ្ឌលកម្សាន្តភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យក្នុងការផ្តល់សេវាកម្មសម្រាកលម្ហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយ ដាក់ធុងសំរាមឱ្យបានគ្រប់គ្រាន់ និងដឹកជញ្ជូនចេញឱ្យទាន់ពេលវេលា។

លោកអភិបាលខណ្ឌព្រែកព្នៅ បានឱ្យដឹងថា សកម្មភាពទាំងនេះ គឺជាការបំផុសដល់កម្លាំងសមត្ថកិច្ច មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ រួបរួមគ្នាសម្អាតអនាម័យគ្រប់ទីកន្លែងជាប្រចាំទាំងក្នុងមូលដ្ឋានរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្លូវ និងទីសាធារណៈឱ្យបានល្អ ស្របតាមគោលការណ៍ ទីក្រុងស្អាត មូលដ្ឋាននៃការរស់នៅរបស់ប្រជាពលរដ្ឋក៏ស្អាត ដើម្បីជាផាសុកភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក ធឹម សំអាន បានបញ្ជាក់ថា សកម្មភាពរសប់យើងថ្ងៃនេះ គឺគោលបំណងដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវសំខាន់ៗក៏ដូចជាទីប្រជុំជននានា ពិសេសនៅតាមដងផ្លូវ សួនច្បារ ឱ្យពួកគាត់យល់ដឹង កុំឱ្យបោះសំរាមចោលផ្តេសផ្តាស ហើយត្រូវវេចខ្ចប់ឱ្យបានត្រឹមត្រូវ ចៀសវាងបោះសំរាមចោលពាសវាលពាសកាល នាំឱ្យប៉ះពាល់ដល់បរិស្ថាន។

លោកបន្តថា នៅតាមសួនច្បារ តាមដងផ្លូវ ដែលមានភ្ញៀវទេសចរ មកកំសាន្ត ឬធ្វើដំណើរឆ្លងកាត់នោះ ដូច្នេះត្រូវមានបរិស្ថានល្អស្អាតជានិច្ច។ ដូច្នេះ យើងចូលរួមទាំងអស់គ្នា ដើម្បីសំអាតខណ្ឌយើង រាជធានីយើង ឱ្យមានបរិស្ថានល្អស្អាត ដើម្បីលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញរបស់យើង ស្របតាមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង៕