Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ណាល័យសម្ដេចម៉ែ បង្ហាញព្រះឆាយាល័ក្ខណ៍នៃព្រះរាជសកម្មភាពដ៏រស់រវើក របស់ព្រះបរមរតនកោដ្ឋ

01-11-2022 19:35

(ភ្នំពេញ)៖ បណ្ណាល័យសម្ដេចម៉ែនៃវិទ្យាស្ថានស្លឹករឹត ដែលបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា មានកិត្តិយស បានបង្ហាញនូវព្រះបរមឆាយាល័ក្ខណ៍នៃព្រះរាជសកម្មភាពដ៏រស់រវើករបស់ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដើម្បីរំឭកគម្រប់ខួប ១០០ព្រះវស្សារបស់ព្រះអង្គ (ឆ្នាំ១៩២២-២០២២) ដែលព្រះអង្គបានបូជាអស់ព្រះកម្លាំងកាយ និងព្រះទ័យ ក្នុងអំឡុងពេលព្រះអង្គគង់នៅមានព្រះជន្ម ដើម្បីសម្រេចនូវក្ដីសុបិនកម្ពុជា។

ព្រះបរមឆាយាល័ក្ខណ៍ត្រូវបានបង្ហាញ ក្រោមប្រធានបទ «គម្រប់ខួប ១០០ ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ
ទស្សនាទាននៃពិព័រណ៍៖ ក្ដីសុបិនកម្ពុជា»។

ក្ដីសុបិនកម្ពុជា គឺមិនមែនជាកម្មសិទ្ធិ ឬការបង្កើតឡើងរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញ នេះគឺជាក្ដីសង្ឃឹម ការបួងសួង និងចក្ខុវិស័យដ៏ថ្លៃថ្លារួមគ្នារបស់ប្រជាជនកម្ពុជា ដែលបានបង្កើតដួងព្រលឹងជាតិនាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ក្នុងនាមជាអ្នកតំណាង និងជាអ្នកមើលថែរក្សាប្រជាជាតិកម្ពុជា ព្រះរាជវង្សានុវង្ស បានអមដំណើរប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ ក្តីសុបិន ដែលបន្តចម្រើនទៅមុខនេះ។

បណ្ណាល័យសម្ដេចម៉ែ មានកិត្តិយសសូមរំឭកអំពីដំណើរនេះ តាមរយៈពិព័រណ៍រូបថត ពីព្រោះថា អនាគតរបស់កម្ពុជា គឺមិនត្រឹមតែពឹងផ្អែកទៅលើការបន្តជំនឿទៅលើក្ដីសុបិនកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ពឹងផ្អែកទៅលើការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់មនុស្សជំនាន់មុន ដែលពលីជីវិតរបស់ខ្លួនដើម្បីសម្រេចក្ដីសុបិន៕