(កំពង់ចាម)៖ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ មានសទ្ធាជ្រះថ្លាបានមូលមតិគ្នាជាឯកច្ឆ័ន្ធ ផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តបទុម្ព តាយើត ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ និងវត្តនិគ្រោធធម្មាសុខារាម ហៅវត្តអន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ពិធីដ៏នក្ខត្តឫក្សនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសជួបជុំសូត្រមន្តនៅទីស្ដីការក្រសួងពាណិជ្ជកម្ម មានការរៀបចំពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ដើម្បីផ្តល់ពរសព្វសាធុការជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្មទាំងអស់ ព្រមទាំងមានការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) ផងដែរ។

នៅថ្ងៃបន្ទាប់ ត្រូវនឹងព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបបន្តដង្ហែអង្គកឋិនទានទៅកាន់ វត្តបទុម្ពតាយើត ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ និងវត្តនិគ្រោធធម្មាសុខារាម ហៅវត្តអន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានមានប្រសាសន៍ថា អង្គកឋិនដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មរៀបចំនេះ បានដង្ហែរទៅកាន់វត្តចំនួនពីរ រួមមាន៖ វត្តនិគ្រោធធម្មាសុខារាម ហៅវត្តអន្លង់ជ្រៃ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលដឹកនាំដង្ហែដោយ ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ និងវត្តបទុម្ព តាយ៉ើត ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដឹកនាំដង្ហែដោយលោក ឃឹម សិរីវង្ស និងលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសយើងមានសុខសន្តិភាព មានស្ថិរភាព និងភាពរីកចម្រើនគួរឱ្យគាត់សម្គាល់ ជាពិសេស តែងតែទទួលបាននូវការកោតសរសើ និងទទួលស្គាល់ពីឆាកអន្តរជាតិនានា តួយ៉ាងដូចជា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ និងភាពជោគជ័យរបស់កម្ពុជាលើយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមជាមួយគ្នាក្នុងការធ្វើអង្គកឋិនទាននាពេលនេះជាដើម។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា បើមានតែសទ្ធាជ្រះថ្លា ការមូលមតិគ្នាជាឯកច្ឆន្ទ មានគំនិតផ្តួចផ្តើម តែគ្មានសន្តិភាពពេញលេញ នោះក៏មិនអាចមានការអភិវឌ្ឍ មានពិធីបុណ្យកឋិនទានប្រព្រឹត្តទៅដោយរលូនដូចពេលនេះបានដែរ។

ក្នុងន័យនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យចូលរួមថែរក្សា ការពារ ឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ កុំឱ្យមានជនអគតិណាមកបំផ្លិចបំផ្លាញបានឡើយ។

សូមជម្រាបជូនថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ បើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធមសប្បាយរីករាយក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំនត់ទុក។ លុះពេលទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គឺគេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយដែលគេបានរៀបចំទុកជាស្រេច។

គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះពុទ្ធបរិស័ទចំណុះជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអ៊ឹកអធិក កក់ក្ដៅ និងរាក់ទាក់ជាពន់ពេក។ លុះរសៀលជ្រេទាបបន្ដិច គេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ហើយព្រះចៅអធិការវត្ដ នឹងចាត់ឱ្យភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ រួចពុទ្ធបរិស័ទចាប់ផ្ដើមនមស្ការថ្វាយបង្គំព្រះ និងវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ៕