(ភ្នំពេញ)៖ ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបានឧបត្ថម្ភអង្ករ និងថវិកា ជួយដោះស្រាយការងារគ្រោះមហន្តរាយជាមួយរាជរដ្ឋាភិបាល។

គ្រោះទឹកជំនន់នៅក្នុងរដូវវស្សាឆ្នាំ២០២២នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអន្តរាគមន៍បន្ទាន់ ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀងអាហារ។

អ្នកឧកញ៉ា លាង ឃុន បានចូលរួមចំណែកគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកមួយនេះ។ អ្នកឧកញ៉ា បានឧបត្ថម្ភអង្ករជូនសម្តេចតេជោសរុបប្រមាណ ៣០០តោន ដើម្បីចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត។

នៅរសៀលថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកលិខិតថ្លែងអំណរគុណទៅជូនអ្នកឧកញ៉ា លាង ឃុន ដោយផ្ទាល់។

តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់កាយវិការមនុស្សធម៌របស់អ្នកឧកញ៉ា។ លោកទេសរដ្ឋមន្ត្រីចាត់ទុកកាយវិការនេះ មានគុណតម្លៃមិនអាចកាត់ថ្លៃបានក្នុងក្របខណ្ឌមនុស្សធម៌ ហើយក៏ជាកាយវិការសាមគ្គីភាពដ៏ឧត្តុងឧត្តម។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះទឹកចិត្តពោរពេញដោយសប្បុរសធម៌មួយនេះ។

នៅក្នុងឱកាសប្រគល់លិខិតថ្លែងអំណរគុណនេះ អ្នកឧកញ៉ា លាង ឃុន ក៏បានផ្តល់ថវិកាប្រមាណ ៤២,៥០០ដុល្លារ ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះ ដែលលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរ។

សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការរុករក និងសង្គ្រោះ គ្រោះមហន្តរាយលើផ្ទៃទឹក រាជរដ្ឋាភិបាល បានសម្រេចឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្កើតកងរុករក និងសង្គ្រោះលើផ្ទៃទឹក។ កងរុករក និងសង្គ្រោះលើផ្ទៃទឹកនេះ គ្រោងចាយថវិកាប្រមាណ ៥០ម៉ឺនដុល្លារ សម្រាប់ការហ្វឹកហ្វឺន និងបំពាក់សម្ភារៈបរិក្ខារនានា៕