Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក៖ ការពិភាក្សាលើច្បាប់គ្រប់គ្រងអាវុធ កំពុងតានតឹង ក្រោយករណីបាញ់សម្លាប់យ៉ាងឃោឃៅនៅទីក្រុង Orlando

13-06-2016 18:18

(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងនៅថ្ងៃចន្ទ ម្តងទៀតអំពីច្បាប់គ្រប់គ្រងអាវុធ ដែលនៅតែមិនអាចសម្រេចបាន ទើបនាំឲ្យមហាអំណាចមួយនេះ ជួបប្រទះនូវហេតុការណ៍បាញ់ប្រហារកាន់តែ ធ្ងន់ធ្ងរឡើង ដូចកាលពីចុងសប្តាហ៍មុននេះ ដែលមនុស្ស ៥០នាក់បានស្លាប់ក្នុងការវាយប្រហារ ដោយខ្មាន់កាំភ្លើង ដែលបានទិញអាវុធនេះ ដោយស្របច្បាប់ថែមទៀត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦។

គិតចាប់តាំងពីដំណាច់ឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ លោក បារ៉ាក់ អូបាម៉ា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស អំពើហិង្សាប្រដាប់អាវុធក្នុងប្រទេសចំនួន ១៥លើកហើយ ហើយលោកថែមទាំងបានអំពាវនាវឲ្យមានការ រឹតបន្តឹងលើការលក់អាវុធទៀតផង។ កាលពីខែមករា សេតវិមានអាមេរិក បានប្រកាសថាខ្លួនកំពុងតែរិះរកវិធី ដើម្បីរឹតបន្តឹងការប្រើប្រាស់អាវុធ ក្នុងនោះមានទាំងការត្រួតពិនិត្យអ្នកទិញជាដើម ដោយសហព័ន្ធនេះកំពុងតែស្រាវជ្រាវ រកបច្ចេកវិទ្យាដែលអាចផ្តល់សុវត្ថិភាពដល់ការប្រើប្រាស់អាវុធ និង គ្រោងចំណាយ ៥០០លានដុល្លារ ដើម្បីលើកស្ទួយ កម្មវិធីព្យាបាលសុខភាពផ្លូវចិត្ត។

គួរបញ្ជាក់ថា ការវាយប្រហារកាលពីចុងសប្តាហ៍មុននេះ គឺជាសោដនាដកម្មដ៏ធំធេងមួយ នៅក្នុងប្រវត្តិសាស្ត្រ ដែលរឹតតែនាំឲ្យការពិភាក្សារឿងច្បាប់គ្រប់គ្រងអាវុធកាន់តែក្តៅគគុក។ កន្លងមកនេះ ក៏មានការវាយប្រហារ ជាច្រើនលើកដែរ ប៉ុន្តែវាមិនបានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ គឺភាគច្រើនបានបង្កឡើងដោយជម្លោះក្នុងគ្រួសារ ឬជនបង្កមួយចំនួន បានរងវិបត្តិផ្លូវចិត្ត ដែលអាចនិយាយបានម្យ៉ាងទៀតថាវិកលចរិត៕