(ភ្នំពេញ)៖ ៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ១២២ករណី។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២២ ដើម្បីពិនិត្យមើលអំពីលទ្ធផលដែលសម្រេចបាន ទាំងបញ្ហាប្រឈម និងដំណោះស្រាយ ដែលបានអនុវត្តដោយ ក្រសួង/សា្ថប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងអង្គការដៃគូ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំ របាយកាណ៍ប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣។
របាយការណ៍ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន១២២ករណី ធៀបនឹង៩ខែ ឆ្នាំ២០២១ មានចំនួន ២៦៩ករណី ថយចុះចំនួន ១៤៧ករណី ស្មើនឹង ៥៤,៦៤%។
ក្នុងចំណោមនោះ រួមមាន៖
* ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ១៤៧ករណី (ស្រី១៦នាក់) អនីតិជន ១៣នាក់។ ក្នុងនោះ ជនសង្ស័យដែលជាជនបរទេសចំនួន ២២នាក់ មាន៤សញ្ជាតិ គឺជនជាតិចិន ១៩នាក់ ជនជាតិថៃ ១នាក់ ជនជាតិវៀតណាម ១នាក់ និងបង់ក្លាដេស ១នាក់។
* សង្រ្គោះជនរងគ្រោះ ២៥៤នាក់ (ស្រី១៩០នាក់) ក្នុងនោះអាយុក្រោម ១៥ឆ្នាំ ១០០នាក់ អាយុ១៥ទៅ១៧ឆ្នាំ ២៩នាក់ និងអាយុពី ១៨ឆ្នាំឡើងទៅ ១២៥នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៣២នាក់ (ស្រី៣១នាក់) និងប្រគល់ឲ្យគ្រួសារ ២២២នាក់ (ស្រី១៥៩នាក់)។
បើតាមរបាយការណ៍ដដែល ករណីទាំងនោះ មានករណីអំពើជួញដូរមនុស្ស ត្រូវបានបង្ក្រាប ២៣ករណី ធៀបនឹង៩ខែឆ្នាំ២០២១ មាន១៧៨ករណី ថយចុះ ១៥៥ករណី។ ចំណែកឯ ករណីធ្វើអំពើអាជីវកម្មផ្លូវភេទ បានបង្ក្រាប ៩៩ករណី ធៀបនឹង៩ខែឆ្នាំ២០២១ មាន៩១ករណី កើនឡើង ៨ករណី៕