(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញអង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេសក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារជាអាទិភាពចំនួន៨ចំណុច។

ការជំរុញបែបនេះរបស់ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយពីដំណើរការរយៈពេលមួយថ្ងៃកន្លះរួចមក។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តក្នុងការបម្រើជាតិមាតុភូមិក្នុងបុព្វហេតុ បរិស្ថាន និងធនធានធម្មជាតិ។

លោក សាយ សំអាល់ បានលើកឡើងថា តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ រយៈពេល២ថ្ងៃមកនេះ ក៏ដូចជាសិក្ខាសាលាបច្ចេកទេសនានា បានបង្ហាញឱ្យឃើញនូវលទ្ធផលការងារសំខាន់ៗជាច្រើនរបស់ក្រសួងបរិស្ថានគួរជាទីមោទនៈ។
លោកបានគូសបញ្ជាក់ថា៖ «យើងក៏បានរកឃើញផងដែរនូវបញ្ហាប្រឈម កាលានុវត្តភាព និងមេរៀនដកពិសោធន៍ល្អៗ ក៏ដូចជាសំណូមពរ និងអនុសាសន៍នានា ដែលជាធាតុចូលដ៏មានសារសំខាន់សម្រាប់រៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្រ្ត និងការដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា និងឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏ដូចជានិន្នាការពិភពលោក សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា»

លោក សាយ សំអាល់ បានស្នើឱ្យគ្រប់អង្គភាពចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សូមបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាពិសេស ក្នុងការអនុវត្តឱ្យបានសម្រេចនូវការងារជាអាទិភាពមួយចំនួនដូចខាងក្រោម៖

ទី១៖ បន្តពង្រឹងរដ្ឋបាលទំនើប និងពង្រីកហិរញ្ញវត្ថុដោយចីរភាព ឱ្យឆ្លើយតបសមស្របទៅនឹងបរិបទសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា អាទិភាពបរិស្ថានជាតិ ក៏ដូចជានិន្នាការសកល។

ទី២៖ បន្តពង្រឹង និងសម្រួចគោលនយោបាយ និងយុទ្ធសាស្ត្រ ឱ្យបានសមស្រប និងអាចអនុវត្តបានជាពិសេសក្នុងការឆ្លើយតបទៅនឹងអាទិភាពនៃការងារប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍបញ្ចេញកាបូនទាប និងប្រកបដោយចីរភាព។

ទី៣៖ បន្តពង្រឹងកិច្ចគាំពារបរិស្ថាន ដើម្បីធានាឱ្យបាននូវបរិស្ថានល្អ និងភូមិឋានស្អាត ដែលជាមូលដ្ឋានទ្រទ្រង់ជីវភាព និងសុខភាពសាធារណៈល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់។

ទី៤៖ បន្តពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីរក្សាបាននូវភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវៈចម្រុះ មុខងារសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដោយចីរភាព។

ទី៥៖ បន្តអភិវឌ្ឍសហគមន៍មូលដ្ឋាន ឱ្យក្លាយជាខ្សែក្រវាត់ការពារធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន

ទី៦៖ បន្តជំរុញការងារអប់រំបរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះបរិស្ថាន ស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» ព្រមទាំងរឹតចំណងជិតស្និទ្ធរវាងមនុស្ស និងធម្មជាតិ។

ទី៧៖ បន្តជំរុញកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងអន្តរជាតិ និងការទូតបរិស្ថាន ក្នុងឧត្តមប្រយោជន៍កម្ពុជា។

និងទី៨៖ បន្តជំរុញការងារយេនឌ័រ យុវជន ស្រ្តី និងកុមារ ដើម្បីធានាបាននូវវិបុលភាព បរិយាប័ន្ន និងសុខដុមនីយកម្មសង្គម៕